(ហ្ស៊េរុយសាឡិម)៖ គណៈរដ្ឋមន្ត្រីអ៉ីស្រាអែល កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា បានបោះឆ្នោតអនុម័តផែនការថ្មីមួយដើម្បីចូលកាន់កាប់តំបន់ហ្កាហ្សា ក្នុងរយៈពេលមួយមិនមានការកំណត់។ អ៉ីស្រាអែលបានដកខ្លួន ចេញពីតំបន់ហ្កាហ្សាកាលពីឆ្នាំ២០០៥ បន្ទាប់ពីកាន់កាប់តំបន់នេះអស់រយៈពេលយ៉ាងយូរ។ នៅក្រោមផែនការថ្មីនេះដែលនឹងអនុញ្ញាតឱ្យជំនួយមួយចំនួនចូលក្នុងតំបន់ហ្កាហ្សាផងនោះ ក្រុមមន្ត្រីអ៉ីស្រាអែល ក៏បាននិយាយដោយបើកចំហផងដែរចំពោះការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីភាគខាងជើង ទៅកាន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ព្រមទាំងការជំរុញលើកទឹកចិត្តឱ្យប្រជាជនប៉ាឡេស្ទីនស្ម័គ្រចិត្តចាកចេញពី តំបន់ហ្កាហ្សាទៅកាន់ប្រទេសក្បែរខាងតួយ៉ាងដូចជាអេហ្ស៉ីប និងហ្ស៊កដានី ដើម្បសម្រួលដល់ការអនុវត្តផែនការកសាងតំបន់ហ្កាហ្សាឡើងវិញប្រកាសឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែមករាកន្លងទៅ។

តាមពិតទៅ ផែនការចូលកាន់កាប់តំបន់ហ្កាហ្សាឡើងវិញត្រូវបានលើកយកទៅពិភាក្សា និងជជែកដេញដោលក្នុងជួររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងនៅក្នុងចំណោម មន្ត្រីយោធាអ៉ីស្រាអែលកំពូលៗអស់រយៈពេលជាច្រើនខែមកហើយ។ ក៏ប៉ុន្តែហេតុអ្វីបានជាអ៉ីស្រាអែលទើបតែមកប្រកាសជាសាធារណៈនៅពេលនេះទៅវិញ?

តាមក្រុមអ្នកវិភាគខ្លះ ហេតុផលមួយដ៏សំខាន់ នោះគឺកិច្ចចរចាដោយប្រយោលស្ដីពីបទឈប់បាញ់ថ្មីមួយជាមួយក្រុមហាម៉ាសកំពុងដំណើរ។ ដូច្នេះលោក Netanyahu សង្ឃឹមថាការកែនកងទ័ពបន្ថែមរាប់ម៉ឺននាក់ និងការគំរាមបើកប្រតិបត្តិការវាយលុកថ្មីមួយ រួមទាំងការប្រកាសពីផែនការចូលកាន់កាប់តំបន់ហ្កាហ្សាអាចនឹងបង្ខំឱ្យមេដឹកនាំក្រុមហាម៉ាសធ្វើសម្បទាន។ ក្នុងករណីដែលហាម៉ាសមិនព្រមធ្វើសម្បទានទេ នោះការកាន់កាប់ទឹកដីហ្កាហ្សាជាក់ស្ដែងនឹងផ្ដល់អនុភាពដល់អ៉ីស្រាអែលក្នុងកិច្ចចរចានៅពេលអនាគត ហើយក៏អនុញ្ញាតឱ្យអ៉ីស្រាអែលច្របាច់កហាម៉ាសរឹតតែខ្លាំង ក្នុងពេលជាមួយគ្នាផងដែរ។ គោលដៅសង្រ្គាមធំៗ ២របស់អ៉ីស្រាអែល នោះគឺវាយបំបាក់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងសេសសល់ដែលកំពុងជាប់ឃុំនៅហ្កាហ្សា។ គោលដៅទាំង២នេះមិនមានការប្រែប្រួលនោះទេ បើទោះជាលោក Netanyahu ហាក់ឱ្យសញ្ញាថាការចូលកាន់កាប់តំបន់ហ្កាហ្សាគឺជាអាទិភាពក៏ដោយ។

ចំណែកឯហេតុផលមួយទៀត នោះគឺពាក់ព័ន្ធនឹងអំណាចរបស់លោក Netanyahu ដែលផ្សាភ្ជាប់គ្នាជាមួយនឹងការគំាទ្រពីក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក។ ឬនិយាយឱ្យងាយយល់ ផែនការថ្មីរបស់លោកមានបំណងលួងចិត្តអ្នកនយោបាយទាំងនោះ។ ច្រើនជាងមួយឆ្នាំមកនេះ លោក Netanyahu បានធ្វើតាមតិចតួចប៉ុណ្ណោះទៅនឹងការទាមទាររបស់ប្រជាជនអ៉ីស្រាអែលភាគច្រើនដែលចង់ឱ្យមានបទឈប់បាញ់ជាថ្នូរទៅនឹងការដោះលែងចំណាប់ខ្មាំង។ នេះក៏ដោយសារតែក្រុមចម្រុះរបស់លោកនៅតែត្រូវពឹងផ្អែកយ៉ាងខ្លាំងលើក្រុមអ្នកនយោបាយស្ដំានិយមជ្រុលឯណោះទេ ដែលកំពុងបង្ហាញភាពរីករាយចំពោះផែនការវាយលុកថ្មី និងលទ្ធភាពដែលអ៉ីស្រាអែលអាចនឹងគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញ។ បច្ចុប្បន្ន លោក Netanyahu ទំនងជាអាចនឹងបន្តកាន់អំណាចក្នុងពេល ១៥ខែទៅមុខទៀត ឬក៏អាចរហូតដល់ការបោះឆ្នោតអាណត្តិថ្មីតែម្ដង។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា នៅក្នុងខែឧសភានេះ ហើយក្រុមមន្ត្រីអ៉ីស្រាអែលបាននិយាយថាការវាយលុកថ្មីអាចនឹងចាប់ផ្ដើមក្រោយដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅអារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម។ តែជាក់ស្ដែងភាពស្មុគស្មាញខាងភស្តុភារ និងរយៈពេលនៃការបិទបញ្ចប់ការកែនកងទ័ពបន្ថែមត្រូវបានគេមើលឃើញថាអាចនឹងក្លាយជាហេតុផលនៅពីក្រោយការពន្យារពេលអនុវត្តផែនការភ្លាមៗរបស់អ៉ីស្រាអែល៕