(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី៦ ខែឧសភា ចិនបានថ្កោលទោសវីដេអូផ្សព្វផ្សាយរបស់ទីភ្នាក់ងារចារកម្មអាមេរិក CIA ដែលអំពាវនាវឱ្យ​បុគ្គលិករដ្ឋាភិបាលចិន ចែករំលែកកិច្ចការសម្ងាត់រដ្ឋដល់ខ្លួន ដោយទីក្រុងប៉េកាំងបានចាត់ទុកថា វាជាទង្វើបង្កហេតុផលនយោបាយមួយយ៉ាងបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា សហរដ្ឋអាមេរិកមិនត្រឹមបង្កាច់បង្ខូច និងវាយប្រហារ​ប្រទេសចិនប៉ុណ្ណោះទេ អាមេរិកថែមទាំងធ្វើសកម្មភាពដោយបើកចំហ ដើម្បីព្យាយាមបោកបញ្ឆោតនិងអូសទាញជនជាតិចិន ហើយរហូតដល់ថ្នាក់កំណត់​គោលដៅលើ មន្រ្តីរដ្ឋាភិបាលចិនដោយផ្ទាល់តែម្តង ដើម្បីឱ្យចុះចូលជាមួយពួកគេ។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារ CIA បានបញ្ចេញវីដេអូមួយចំនួន ដែលខ្លួនបាននិយាយថា មានគោលដៅបញ្ចុះបញ្ចូលឱ្យមន្រ្តីចិន ជួយសហរដ្ឋអាមេរិក។ នាយក CIA លោក John Ratcliffe បានិយាយថា វីដេអូទាំងនោះ គឺគ្រាន់ជាមធ្យោបាយមួយប៉ុណ្ណោះ ក្នុងចំណោមវីធីសាស្រ្តជាច្រើន នៃយុទ្ធសាស្រ្តធ្វើចារកម្មរបស់ CIA។

នៅថ្ងៃអង្គារនេះ ទីក្រុងប៉េកាំងបាននិយាយថា សហរដ្ឋអាមេរិក ប្រើប្រាស់មធ្យោបាយអាក្រក់ចម្រុះបែប ដើម្បីលួចកិច្ចការសម្ងាត់​របស់ប្រទេសដទៃ, ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបំផ្លាញអំណាចនយោបាយរបស់ប្រទេសដទៃ។ លោក Lin បានលើកឡើងយ៉ាងដូច្នេះថា «វីដេអូទាំងនោះដែលចេញផ្សាយដោយ ទីភ្នាក់ងារ CIA របស់អាមេរិក នៅលើបណ្តាញសង្គម គឺជាចម្លើយសារភាពដោយខ្លួនឯងផ្ទាល់មួយទៀត ដែលមានភ្ជាប់នូវភស្តុតាងរឹងមាំនៃអំណះអំណាងនេះ។ ចិនថ្កោលទោសជាខ្លាំង ចំពោះរឿងនេះ»។

គួរបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នាជាយូរមកហើយ អំពើការធ្វើចារកម្មទៅវិញទៅមក។ កាលពីខែមេសា ក្រុមមន្រ្តីសន្តិសុខចិន បាននិយាយថា ពួកគេរកឃើញភ្នាក់ងារសម្ងាត់៣នាក់ ដែលធ្វើការឱ្យអាមេរិក ក្នុងសកម្មភាពវាយលុកតាមប្រព័ន្ធសាយប័រ (cyber) អំឡុងព្រឹត្តិការណ៍កីឡាអាស៉ីរដូវរងាខែកុម្ភៈ នៅទីក្រុង Harbin ភាគឦសានប្រទេសចិន។ រីឯកាលពីខែមីនា ក្រសួងសន្តិសុខរដ្ឋចិន បាននិយាយថា ខ្លួនបានផ្តន្ទាទោសប្រហារជីវិត អតីតវិស្វករម្នាក់ សម្រាប់ការធ្វើឱ្យលេចធ្លាយកិច្ចការសម្ងាត់រដ្ឋ ទៅកាន់ប្រទេសមហាអំណាចមួយ ដែលមិនត្រូវបានបញ្ចេញឈ្មោះ៕