Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Friedrich Merz ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ ដើម្បីក្លាយជាអធិការបតីអាល្លឺម៉ង់ ក្នុងការបោះឆ្នោតជុំទីមួយនៅសភា

06-05-2025 16:15

(បែរឡាំង)៖ នៅថ្ងៃអង្គារ ទី៦ ខែឧសភា មេដឹកនាំក្រុមអភិរក្សនិយមនៅអាល្លឺម៉ង់ លោក Friedrich Merz បានបរាជ័យ ក្នុងការជាប់ជាអធិការបតី នៅក្នុងការបោះឆ្នោតជុំដំបូងដោយក្រុមសមាជិកសភា ដែលវាជារឿងផ្ទុយពីការរំពឹងទុកកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Merz ត្រូវបានរំពឹងថា នឹងឈ្នះសំឡេងគាំទ្រភាគច្រើន នៃសមាជិកសរុប៦៣០នាក់ នៅក្នុងសភាអាល្លឺម៉ង់ ប៉ុន្តែជាក់ស្តែង លោកទទួលបានការគាំទ្រត្រឹម៣១០សំឡេងប៉ុណ្ណោះ ពោលគឺខ្វះ៦សំឡេង ខណៈសមាជិកសភា៣០៧នាក់ទៀត បានបង្ហាញសំឡេងជំទាស់ នៅក្នុងការបោះឆ្នោតជុំទីមួយ។ ដោយសារតែហេតុនេះ នឹងត្រូវមានការបោះឆ្នោត២ជុំទៀតនៅសភា។

គួរបញ្ជាក់ថា ការបោះឆ្នោតខាងលើដំបូងឡើយ ត្រូវគេភាគច្រើនមើលឃើញថា គ្រាន់តែការបង្រ្គប់កិច្ចប៉ុណ្ណោះ ដោយសារលោក Merz មានការគាំទ្រពីសម្ព័ន្ធភាព CDU/CUS របស់លោកផ្ទាល់ រួមជាមួយគណបក្ស Social Democrats ដែលរួមបញ្ចូលគ្នា មានអាសនៈរហូតដល់៣២៨អាសនៈ។ ក្នុងការបោះឆ្នោតនាថ្ងៃអង្គារនេះ សមាជិកសភា៣នាក់ បានធ្វើអនុបវាទ ហើយសន្លឹកឆ្នោតមួយសន្លឹក ត្រូវចាត់ទុកជាមិនបានការ ខណៈសមាជិកសភា៩នាក់ បានអវត្តមាន៕