(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) បានព្រមាននៅថ្ងៃអង្គារ ទី៦ ខែឧសភា ថាមនុស្សជាតិកត់ត្រាបាន ពីការធ្លាក់ចុះនៃការអភិវឌ្ឍដ៏មិននឹកស្មានដល់ និងពោរពេញដោយក្តីបារម្ភសម្រាប់នៅក្នុងឆ្នាំ ២០២៤ គ្រាដែលទើបនឹងងើបឡើងវិញពីវិបត្តិកូវីដ១៩ ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចកាត់បន្ថយជំនួយមនុស្សធម៌អន្តរជាតិថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ពិភពលោកទើបនឹងបានធូរស្បើយពីវិបត្តិកូវីដ១៩ នៅឆ្នាំ ២០២៣។ នេះបើតាមការវាស់វែងដោយកម្មវិធីអភិវឌ្ឍនៃ UN ទៅលើស្តង់ដាររស់នៅ សុខភាព និងការអប់រំ។ ប៉ុន្តែការងើបឡើងវិញនោះ ហាក់ដូចជាកំពុងបាត់បង់សន្ទុះ។

ប្រធានកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner បញ្ជាក់ថា «ប្រសិនបើភាព​យឺតយ៉ាវនោះមិនត្រូវ​បាន​ដោះស្រាយ ហើយក្លាយទៅជារឿង​ធម្មតា​ ការ​សម្រេចបាន​នូវកម្រិត​នៃ​ការ​អភិវឌ្ឍ​ដែលមនុស្ស​រំពឹងទុកនៅត្រឹមឆ្នាំ ២០៣០អាច​​ធ្លាក់ចុះ​វិញ ហើយនឹងប៉ះទង្គិចដល់សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៉ី»។ លោកប្រាប់​ AFP ដូច្នេះថា «ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសមួយចំនួន នឹងធ្វើឱ្យបញ្ហារឹតតែអាក្រក់»

អ្នកជំនាញ UNDP មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ ដែល​បាន​សង្កេត​ឃើញ​ក្នុង​ឆ្នាំ​ ២០២៤​ នៅ​ឡើយ​ទេ។ ប៉ុន្តែពួកគេកំណត់បានបញ្ហាមួយ នោះគឺការថយចុះនៃអាយុសង្ឃឹមរស់ ដែលប្រហែលជាមកពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ឬសង្គ្រាមដែលកំពុងកើនឡើងនៅជុំវិញពិភពលោក៕