Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាធារណរដ្ឋឆែក នឹងពង្រីកការហ្វឹកហ្វឺនសម្រាប់ពីឡុតអ៊ុយក្រែន ជាមួយនិងការផ្តល់គ្រាប់ផ្លោង (Video inside)

06-05-2025 11:54

(ប្រាក)៖ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក លោក Petr Fiala បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ឆែក នឹងពង្រីកការហ្វឹកហ្វឺនដល់ពីឡុតអ៊ុយក្រែន ហើយបន្តកម្មវិធីបញ្ជូនគ្រាប់កាំភ្លើងធំសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ ២០២៥។

លោក Fiala បានឱ្យដឹងថា គ្រាប់ផ្លោងប្រហែលកន្លះលានគ្រាប់ ត្រូវបានបញ្ជូនទៅអ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំ ២០២៥មក។ នៅក្នុងជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីឆែក លោក Petr Pavel កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា សម្រាប់ឆ្នាំនេះអាចនឹងមានចំនួន ១.៨លានគ្រាប់។ ដោយមិនបញ្ជាក់លម្អិត លោក Fiala បាននិយាយក្នុងសន្និសីទសារព័ត៌មានថា សាធារណរដ្ឋឆែក នឹងពង្រីកការបណ្តុះបណ្តាលដល់ពីឡុតអ៊ុយក្រែន រួមទាំងសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែក គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់ទីក្រុងកៀវ និងបានដឹកនាំការងារស្វែងរកប្រភព ដើម្បីផ្គត់ផ្គង់គ្រាប់ផ្លោងឱ្យដល់អ៊ុយក្រែន ដោយប្រើប្រាស់ហិរញ្ញប្បទានពីសម្ព័ន្ធមិត្ត និងបានផ្តល់ប្រហែល ១.៥លានគ្រាប់កាលពីឆ្នាំមុន៕