Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំង៖ ជំនួបរវាងលោក ពូទីន និងលោក ត្រាំ​ជារឿងចាំបាច់ តែមិនទាន់មានអ្វីជាក់លាក់ទេ

06-05-2025 11:01

(មូស្គូ)៖ វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា បាននិយាយថាជំនួបរវាងលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជារឿងចាំបាច់ ប៉ុន្តែលោក ពូទីនមិនមានគម្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា នៅពាក់កណ្ដាលខែឧសភានេះនោះទេ ក្រោយលេចឮដំណឹងថាមេដឹកនាំទាំង២ អាចជួបគ្នានៅអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបញ្ជាក់ខាងលើរបស់វិមានក្រឹមឡាំង ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសាកសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំថាលោកប្រហែលជាអាចនឹង ពិចារណារលើការរៀបចំជំនួបជាមួយលោក ពូទីន អំឡុងដំណើរទស្សនកិច្ចមួយទៅកាន់អារ៉ាប៊ីសាអូឌីត នៅក្នុងខែឧសភានេះ។ តាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov លោក ពូទីនគ្មានគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីតនោះទេ ប៉ុន្តែមានមនុស្សជាច្រើនកំពុងនិយាយអំពីជំនួបនេះ។ «ជាពិតណាស់ យើងគិតថា (ជំនួបរវាងលោក ពូទីន និងលោក ត្រាំ) ជារឿងចាំបាច់ និងតម្រូវឱ្យមានកិច្ចប្រឹងប្រែងនៅគ្រប់កម្រិត ក្នុងនោះរួមមានការបន្តការទំនាក់ទំនងគ្នារវាងមូស្គូ និងវ៉ាស៊ីនតោន ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មាន អ្វីជាក់លាក់លើការរៀបចំជំនួបនេះនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Peskov។

គួរបញ្ជាក់ថា តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម នៅក្នុងខែឧសភានេះ ដើម្បីចូលរួម ក្នុងកិច្ចប្រជុំកំពូលមួយជាមួយក្រុមមេដឹកនាំអារ៉ាប់។ លោក ពូទីន មិនដែលជួបប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចដោយផ្ទាល់នោះទេ ចាប់តាំងពីរូបលោកបានជួបជាមួយលោក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងហ្សឺណែវ កាលពីខែមិថុនា ឆ្នាំ២០២១៕