(ពិភពលោក)៖ «មេឌីទែរ៉ាណេ ជាសមុទ្ររបស់អតីតកាល - អាត្លង់ទិច ជាសមុទ្ររបស់បច្ចុប្បន្ន - ប៉ាស៊ីហ្វិក ជាសមុទ្ររបស់អនាគត» គឺជាប្រយោគដ៏ខ្លីតែខ្លឹម របស់អតីតរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក ចន ហេ (John Hay) ក្នុងឆ្នាំ១៩០០។ ប្រយោគនេះខ្លី តែមានឥទ្ធិពលខ្លាំងលើផ្នត់គំនិតរបស់អ្នកស្រាវជ្រាវកិច្ចការទំនាក់ទំនងអន្តរជាតិ។ បើអ្នកបានតាមដានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តពិភពលោក អ្នកប្រហែលជាមិនដែលសូវឮនរណានិយាយពីអាមេរិក ឬអាស៊ីអាគ្នេយ៍ទេ កាលពីកំឡុង ៧០០០ឆ្នាំមុនគ្រឹស្តសករាជ ដល់ឆ្នាំ៣០០នៃគ្រឹស្តសករាជ ព្រោះសម័យនោះជាសម័យរុងរឿងសោយសុខ ហើយក៏ធ្លាក់ដុនដាបវិញរបស់អាណាចក្រធំៗ នៅតាមមហាសមុទ្រមេឌីទែរ៉ាណេ ដូចទន្លេនីលរបស់អេហ្ស៊ីប ក្រុងអាតែនរបស់ក្រិច និងក្រុងរ៉ូមរបស់អ៉ីតាលីជាដើម។ ក្រៅពីជាតំបន់នៃអំណាចក្នុងសមរភូមិកាប់ចាក់ និងរកស៊ី មេឌីទែរ៉ាណេក៏ជាជង្រុកនៃកំណើតទស្សនៈនយោបាយ សង្គមវប្បធម៌ និងអរិយធម៌ ដែលបង្កើតដោយអ្នកប្រាជ្ញល្បីៗដូចជា សូក្រាត អារីស្ត្រូត និងប្លាតូ ជាដើម។
លុះក្រោយមក សង្វៀនដែលពោរពេញដោយភាពសោយសុខ និងដុនដាបរបស់តំបន់មេឌីទែរ៉ាណេ បានធ្លាក់មកដល់ដៃរបស់ពួកអឺរ៉ុប ពីឆ្នាំ៣០០ នៃគ្រឹស្តសករាជ មកដល់សតវត្សទី២០ បន្ទាប់ពីមានការរីកដុះដាលនៃការរុករកតាមនាវា របស់ Vasco Da Gama និង Christopher Columbus ការដាក់អាណានិគម និងការរីកដុះដាលនៃអ្នកប្រាជ្ញសម័យថ្មីមានដូចជា John Lockes, Adam Smith, Enoch Powell, Thomas Hobbes, Joseph Cambell ។ល។ និង ។ល។ ក៏ដូចជាសង្រ្គាមរវាងលោកខាងលិច ប្រឆាំងគ្នាដណ្តើមកាន់កាប់ដែនអាណានិគម និងដែនជង្រុកសេដ្ឋកិច្ច ដែលមានដូចជា ប៉ទុយហ្កាល់ អង់គ្លេស បារាំង ហូឡង់ អេស្ប៉ាញ អាមេរិក ។ល។ និង ។ល។ តើពេលណា ជាពេលដែលអាស៊ីប៉ាស៊ីហ្វិក គ្រងដំណែងជាម្ចាស់សតវត្សថ្មី ដូចសម្តីលោក John Hay កាលពីឆ្នាំ១៩០០ នោះ?
ងាកទៅក្រោយបន្តិច ក្នុងសម័យដែល ណាប៉ូឡេអុង បូណាប៉ាត (Napoleon Bonaparte) (១៧៦៩-១៨២១) កំពុងជិតធ្លាក់ចុះ បន្ទាប់ពីការវាយលុកក្នុងសមរភូមិចក្រពត្តិវាតទីនៅក្នុងទ្វីបអឺរ៉ុប មេទ័ពដ៏អង់អាចបារាំងរូបនេះបានធ្លោយមាត់និយាយថា នៅក្នុងជំនួបជាឯកជនមួយជាមួយ អ្នកអង្គម្ចាស់ប្រមុខទ័ពអង់គ្លេស Jeffery Amherst បន្ទាប់ពីបេសកកម្មរបស់គាត់ទៅប្រទេសចិន ក្នុងឆ្នាំ១៨១៧ ថា «ចិនជាយក្សកំពុងតែដេក! ចូរយើងកុំដាស់គាត់ ព្រោះតែកាលណាគាត់ដឹងខ្លួន គាត់នឹងធ្វើអោយពិភពលោកមានចលនាថ្មី» ។
ធាតុពិតទៅ សម្តីរបស់លោក ចន ហេ និង ណាប៉ូឡេអុង មិនទាន់មានប្រតិស្ឋានជាក់លាក់ទេ ព្រោះពិភពសង្វៀនប្រដាល់នេះពោរពេញដោយការប្រែប្រួល។ គ្មានកីឡាករណាអាចគ្រងដំណែងបានគ្រប់រដូវកាល ហើយកីឡាប្រដាល់សព្វថ្ងៃមិនត្រឹមតែត្រូវការកម្លាំង និងយុទ្ធសាស្ត្រទេ តែថែមទាំងត្រូវការការគាំទ្រពីទស្សនិកជនផងដែរ។ មកដល់ត្រឹមនេះ យើងអាចមើលឃើញហើយថា តើនរណាកំពុងតែឈរលើសង្វៀន និងតើសង្វៀនណាមួយដែលពេញនិយម និងសម្បូរទស្សនិកជនជាងគេ (ហើយតើសម្តីរបស់លោក ចន ហេ និង ណាប៉ូឡេអុង មានភាពសមហេតុផលដល់កម្រិតណា?)។ ចម្លើយដ៏ខ្លីគឺ កីឡាករចិន និងអាមេរិក ហើយនៅសង្វៀនអាស៊ី ហើយជាពិសេសគឺអាស៊ីអាគ្នេយ៍តែម្តង ព្រោះទីនេះសម្បូរធនធានសម្រាប់សន្តិសុខ នយោបាយ និងសេដ្ឋកិច្ចនាពេលដ៏ខ្លីខាងមុខ ហើយក៏សម្បូរទស្សនិកជនច្រើនណាស់ដែរ ដែលមានទាំងអ្នកនៅក្នុងតំបន់ និងក្រៅតំបន់សៃវៀន។ ទស្សនិកជនមានទាំងប្រភេទអ្នកក្រ (កម្ពុជា ឡាវ ភូមា...) អ្នកមធ្យម (វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ...) និងភ្ញៀវ VIP (ជប៉ុន ឥណ្ឌា រុស្សី អូស្ត្រាលី កូរ៉េខាងត្បូង...) រួមទាំងបណ្តាភ្ញៀវមួយចំនួនមកពីអឺរ៉ុបផងដែរ។
បើមើលឲ្យកាន់តែច្បាស់ ភ្ញៀវទាំងអស់សុទ្ធតែមានគម្រោងឡើងលើសង្វៀនដែរ គ្រាន់តែឱកាសរបស់ពួកគេនៅស្តួចស្តើងនៅឡើយ។ សម្រាប់ឥណ្ឌា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Narendra Modi ឡើងកាន់ដំណែងឆ្នាំ ២០១៣ គោលនយោបាយថ្មីគឺ «ធ្វើនៅទិសខាងកើត (Act East Policy)» ត្រូវបានបង្កើតឡើង ដើម្បីជំនួសឲ្យគោលនយោបាយចាស់ «មើលទៅទិសខាងកើត” (Look East Policy)» (ណាមួយដោយសារកាលឆ្នាំ ២០១១ លោកស្រី Hillary Clinton បានទៅធ្វើទស្សនកិច្ចនៅឥណ្ឌា ហើយបានចំអកថា ឥណ្ឌាអើយ ល្មមដល់ពេលឈប់ Look East ប៉ុន្តែគួរតែ Act East ម្តង)។ ងាកទៅជប៉ុន គោលនយោបាយថ្មីគឺ គ្រាប់ពេជ្រសន្តិសុខអាស៊ី (Asian Security Diamond, ASD) ក៏ត្រូវបានបង្កើត នៅឆ្នាំ២០១៣ ពេលដែលលោកនាយករដ្ឋមន្ត្រី Shinzo Abe ជាប់ឆ្នោតជាលើកទីពីរ ហើយគោលនយោបាយនេះ គឺផ្តោតទៅលើការកសាងសមត្ថភាពជប៉ុននៅតំបន់អាស៊ី ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមប្រឆាំងការវាតទីរបស់ក្រុងប៉េកាំងទាំងនៅក្នុងសមុទ្រចិនភាគខាងកើត និងសមុទ្រចិនភាគខាងត្បូង។ ងាកទៅអូស្រ្តាលី គោលនយោបាយថ្មីគឺ «ឱបក្រសោបឥណ្ឌូប៉ាស៊ីហ្វិច (Embracing Indo-Pacific)» ត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ ២០០៩-២០១០ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ច សន្តិសុខ និងអត្តសញ្ញាណអូស្រ្តាលីនៅក្នុងតំបន់អាស៊ី ដោយមានការចូលរួមពីឥណ្ឌា និងអាមេរិក។ ងាកទៅរុស្សី គោលនយោបាយថ្មីគឺ Russia’s Pivot to Asia (ប្រហែលជាបរាជ័យបាត់ហើយ) ត្រូវបានបង្កើតឡើងឆ្នាំ២០១៤ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី ក្រោយពេលរុស្សីភ្ជាប់តំបន់ គ្រីមា (Crimea) ដែលខ្លួនបានប្លន់ពីអ៊ុយក្រែន នៅឆ្នាំដដែលនោះ។ មើលចុះគ្រប់គ្នាសុទ្ធតែមានសន្លឹកបៀក្នុងដៃ តែហេតុអ្វីបានជាមានតែ កីឡាករពីរនាក់ (ចិន និងអាមេរិក) ដែលគេល្បីថាខ្លាំងនៅលើសង្វៀនអាស៊ី? ហើយមកទល់ចុងឆ្នាំ២០១៦ នេះ តើកីឡាករណាមួយមានប្រៀបជាង?
បើនិយាយជាទូទៅ ឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍មានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសផ្នែកទស្សនៈនយោបាយ សីលធម៌ (ខុងជឺនិយម - Confucianism) និងការធ្វើជំនួញ។ មកដល់ឆ្នាំ ១៨៩៥-១៨៩៨ អាណាចក្រចិនត្រូវបានចុះខ្សោយ បន្ទាប់ពីមានការហែកហួរពីពួកចក្រពត្តិជប៉ុន និងអឺរ៉ុប។ ចិនបាត់បង់រាជវង្សានុវង្សជាផ្លូវការនៅឆ្នាំ១៩១១ នៅពេលដែល ស៊ុន យ៉ាតសេន បានបង្កើតរបបសាធារណៈរដ្ឋចិន (Republic of China ដែលរាល់ថ្ងៃគឺចិនដីកោះ ឬហៅថាតៃវ៉ាន់)។ ក្រោយមកទៀត ក្រោយពី ម៉ៅសេទុង យកឈ្នះលើ ចាង កាយចៀក (សម្ព័ន្ធមិត្តអាមេរិក) ចិនបានប្រកាសខ្លួនជាប្រទេសកុំម្មុយនីសផ្លូវការ នៅឆ្នាំ១៩៤៩ នៅក្រោមស្លាកឈ្មោះ សាធារណៈរដ្ឋប្រជាមានិតចិន (People’s Republic of China)។ ចិនមានឥទ្ធិពលជាថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការគាំទ្រចលនាតស៊ូបែបកុម្មុយនីស ជាពិសេសនៅកម្ពុជា និងវៀតណាម ដើម្បីប្រឆាំងអាណានិគមនិយមរបស់លោកខាងលិចនៅក្នុងតំបន់។ ប៉ុន្តែភាពប្រែប្រួលក្នុងសម្ព័ន្ធភាពរវាងចិន សូវៀត និងអាមេរិក បានបង្កជាវិនាសកម្មយ៉ាងឈឺផ្សានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅពេលដែលសូវៀតបានដួលរលំនៅកំឡុងឆ្នាំ១៩៨៩-៩១ ចិន និងអាមេរិក ចាប់ផ្តើមរកវិធីលួងលោមប្រទេសនៅក្នុងតំបន់តាមរូបភាពផ្សេងៗគ្នា។ ខណៈអាមេរិកបានជួយរៀបចំខឿនសេដ្ឋកិច្ច និងនយោបាយ តាមរយៈការបង្កើតជំនួយផ្លូវរដ្ឋ និងស្ថាប័នក្រៅរដ្ឋាភិបាល និងជួយផ្គត់ផ្គង់ការពង្រឹងប្រជាធិបតេយ្យរបស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ តាំងពីឆ្នាំ១៩៩០មក (ដោយមានការចូលរួមពីសម្ព័ន្ធមិត្តរបស់ខ្លួន មានដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងអឺរ៉ុបជាដើម) ចិនក៏ចាប់ផ្តើមមានវត្តមានជាអ្នកជួយសង្គ្រោះតំបន់មួយនេះ ជាពិសេសនៅឆ្នាំ១៩៩៧ ក្នុងកិច្ចអន្តរាគមន៍របស់ខ្លួនដោះស្រាយវិបត្តិសេដ្ឋកិច្ចអាស៊ី (Asian Financial Crisis, AFC) ដែលកើតចេញពីវិបត្តិលុយបាតរបស់ប្រទេសថៃ។
ការប្រកួតប្រជែងរវាងនាគ (ចិន) និងឥន្ទី្រ (អាមេរិក) មានលក្ខណៈស្រួចស្រាល់គ្រប់វិស័យចាប់ផ្តើមពីឆ្នាំ២០០០មក។ ប៉ុន្តែវាកាន់តែស្រួចស្រាលខ្លាំងមួយកម្រិតទៀតចាប់ពីឆ្នាំ២០០៨មក បន្ទាប់ពីមានការផ្លាស់ប្តូរអ្នកដឹកនាំ និងរបបដឹកនាំទាំងក្នុង និងក្រៅតំបន់។ ក្រៅពីការប្រកួតផ្នែកសេដ្ឋកិច្ច និងនយោបាយ បញ្ហាសន្តិសុខ ជាពិសេសសមុទ្រចិនភាគខាងត្បូង ដែលចូលរួមពាក់ព័ន្ធស្ទើរមួយចំហៀងអាស៊ីអាគ្នេយ៍ ក៏បានជួយបង្កើនតង់ស្យុងនៃកំដៅរវាងមហាអំណាចទាំងពីរផងដែរ។ ប៉ុន្តែដើម្បីដឹងថា តើនរណាមានប្រៀបជាងនរណា យើងត្រូវវិភាគអោយបានល្អិតល្អន់លើព្រឹត្តការណ៍ និងស្ថានភាពនានាផ្សេងទៀតដែលកើតឡើងនៅក្នុងតំបន់ ក្នុងមួយរយៈចុងក្រោយនេះសិន។
នៅឥណ្ឌូនេស៊ី បន្ទាប់ពីលោកប្រធានាធិបតីថ្មី Joko Widodo ស្នងតំណែងជំនួសលោក Sosilo Bambang Yudhoyono កាលពីឆ្នាំ២០១៤ កន្លងទៅ ប្រទេសនេះចាប់ផ្តើមបង្កើនការអភិវឌ្ឍខាងក្នុងជាង (Inward-Looking Policy of Widodo)។ កាលពីលោក Yudhoyono នៅកាន់ដំណែងគោលនយោបាយ «មិត្តភក្កិរាប់ពាន់ និងសត្រូវសូន្យ» (A thousand friends and zero enemies) ធ្វើអោយ ឥណ្ឌូនេស៊ីមានការសហការល្អជាមួយបណ្តាប្រទេសទាំងក្នុង និងក្រៅតំបន់។ ស្ថានភាពសិទ្ធិមនុស្សមានភាពប្រសើរ ហើយនយោបាយប្រជាធិបតេយ្យក៏ដើរបានរលូនដែរ។ ឥណ្ឌូនេស៊ីកាលនោះក៏ជាភាគីដ៏សំខាន់ក្នុងការផ្សះផ្សាបញ្ហាតំបន់ ពិសេសធ្វើជាភាគីផ្សះផ្សាជម្លោះព្រំដែនកម្ពុជា-ថៃ (កាលនោះលោករដ្ឋមន្ត្រីការបរទេស Marty Natalegawa ដើរតួនាទីយ៉ាងសំខាន់)។ ប៉ុន្តែថ្មីៗនេះ ឥណ្ឌូនេស៊ីបានប្រកាសជំហរយ៉ាងរឹងមាំរបស់ខ្លួន ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួន ដោយបានបាញ់នាវាបរទេសជាង ១៧០ (ពិសេសរបស់វៀតណាម និងចិន) ដែលចូលមកដែនទឹករបស់ខ្លួនខុសច្បាប់។ ទង្វើបែបនេះបានបង្កជាការបារម្ភពីក្រុងវ៉ាស៊ីនតោន លើការតាំងចិត្តរក្សាសាមគ្គីភាពក្នុងតំបន់ តែជាមួយគ្នានេះការបាញ់នាវាចិន ក៏បង្ហាញពីការតាំងចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការប្រឆាំងការឈ្លានពានពីចិនលើដែនទឹកនៃកោះ Natuna ដែរ។ អ្វីដែលគួអោយបារម្ភខ្លាំងនោះ គឺការអនុវត្តទោសប្រហាជីវិតជនរត់ពន្ធគ្រឿងញៀន ដែលកន្លងទៅឥណ្ឌូនេស៊ីបានប្រហារជីវិតឧក្រិដ្ឋជនគ្រឿងញៀនជនជាតិអូស្ត្រាលី ប្រេស៊ីល ម៉ិកស៊ីកូ នេស៊ីរីយ៉ា និងហូឡង់ផងដែរ ហើយសកម្មភាពនេះត្រូវបានព្រមានមិនតិចទេ ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលជាស្ថាប័នដឹកនាំដោយលោកខាងលិច។
ងាកមកហ្វីលីពីន ការបែរទៅរកចិន របស់បុរសខ្លាំង Rodrigo Duterte ព្រមទាំងការប្រកាសផ្តាច់ខ្លួនរបស់ក្រុងម៉ានីល ចេញពីក្រុងវ៉ាស៊ីនតោន បានបង្កជាការជជែកគ្នាស្ទើររាល់ថ្ងៃ រវាងអ្នកឃ្លាំមើលព្រឹត្តការណ៍តំបន់។ បូកជាមួយនឹងការប្រហារជីវិតឧក្រិដ្ឋជនគ្រឿងញៀន និងការទទួលយកជំនួយហូរដូចជំនន់ពីទីក្រុងប៉េកាំង ទំនាក់ទំនងរវាងហ្វីលីពីន និងអាមេរិក កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល។ តែក្នុងស្ថានភាពនេះ មិនទាន់អាចនិយាយបានថា ចិនកំពុងតែកាន់កាប់ឱកាសក្នុងតំបន់នោះទេ។ ជាយុទ្ធសាស្រ្ត Duterte គ្រាន់តែចង់រក្សាតុល្យភាពរបស់ខ្លួន ក្នុងទំនាក់ទំនងជាមួយមហាអំណាចប៉ុណ្ណោះ។ ម្យ៉ាងទៀត ទោះខ្លួនបានប្រកាសក្តែងៗដូច្នោះក្តី ក៏គ្មានការបែកបាក់ជាផ្លូវការរវាងវ៉ាស៊ីនតោន និងម៉ានីលដែរ ហើយដំណើរទស្សនកិច្ចទៅជប៉ុនកន្លងទៅ បានផ្តល់សញ្ញារួចទៅហើយថា ទីក្រុងម៉ានីល នៅតែបន្តរក្សាទំនាក់ទំនងជាមួយប្រទេសដែលមានជម្លោះជាមួយចិន (ទោះជាលោកបានប្រកាសថានឹងមិនជាន់ដីអាមេរិកក៏ដោយ)។ លទ្ធផលធំៗចំនួនពីរ ដែលបានពីការប្រកាសផ្តាច់ខ្លួនពីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរទស្សនកិច្ចនៅប៉េកាំងកន្លងទៅគឺ៖ ចិនផ្តល់ជំនួយជាង ៣ពាន់លានដុល្លា និងចិនអនុញ្ញាតឲ្យអ្នកនេសាទហ្វីលីពីនចូលទៅកាន់ Scarborough Shoal ដែលខ្លួនមានជម្លោះជាមួយចិន និងរារាំងដោយកងទ័ពចិនកន្លងទៅ។
រីឯមីយ៉ានម៉ាឯណោះវិញ ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលយោធារបស់ លោក ថេន សេន ត្រូវបានជំនួសដោយរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អង់សាន ស៊ូជី ក្នុងការបោះឆ្នោតឆ្នាំ២០១៦ កន្លងទៅ ប្រទេសអាមេរិក និងសហភាពអឺរ៉ុប បានជូនជាកាដូរមួយគឺ ការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសនេះ។ តែស្របពេលនោះដែរលោកខាងលិចរំពឹងថា រដ្ឋាភិបាលថ្មីនឹងលើកកំពស់សិទ្ធិរបស់ជនជាតិភាគតិច ដោយអនុលោមតាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ១៩៤៨។ ផ្ទុយទៅវិញ ភ្លាមៗបន្ទាប់ពីលោកស្រីឡើងកាន់ដំណែងជារដ្ឋមន្ត្រីការបរទេស ដោយឲ្យអ្នកបើកឡានរបស់ខ្លួនធ្វើជាប្រធានាធិបតី (បញ្ហារដ្ឋធម្មនុញ្ញ) ជនជាតិរ៉ូហ៊ីងយ៉ា (មូស្លីម) ជាច្រើន ត្រូវបានបណ្តេញចេញពីប្រទេសមីយ៉ាន់ម៉ា ស្របតាមការទាមទាររបស់ប្រជាជនភូមា ដែលស្ទើរតែទាំងអស់ជាពុទ្ធសាសនិកជន ដែលប្រឆាំងឥស្លាម។ ហើយនៅពេលដែលលោកខាងលិចព្រមានពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលថ្មីនេះ លោកស្រីក៏សួរថា តើការធ្វើតាមគោលបំណងរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជាធំ មិនមែនជាធាតុចំបងរបស់ប្រជាធិបតេយ្យទេឬ?
ត្រូវចាំថា អ្នកដែលអាចដោះស្រាយជម្លោះស៊ីវិលក្នុងភូមា ដែលមានអូសបន្លាយជាង ៧០ឆ្នាំមកនេះ មិនមែនក្រុងវ៉ាស៊ីនតោនទេ តែគឺក្រុងប៉េកាំង ព្រោះភាគីជម្លោះសំខាន់ៗដូចជា កូកាង កងទ័ពអារាកាន និងកងរំដោះជាតិតាអាង ត្រូវបានផ្តល់ការជ្រកកោននៅភាគខាងត្បូងប្រទេសចិន ពេលដែលពួកគេវាយប្រហាប្រឆាំងរដ្ឋាភិបាលភូមា។ អាចថា អាមេរិកស៊យទៅចុះ ព្រោះខ្លួនតែងនៅពីក្រោយការស្តារលិទ្ធិប្រជាធិបតេយ្យរបស់មីយាន់ម៉ារាប់ទសវត្សមកហើយ តែចុងក្រោយវាសនានៃការស្វែងរកសន្តិភាពរបស់មីយ៉ាន់ម៉ា ស្ថិតនៅលើការសម្រេចចិត្តរបស់ចិនទៅវិញ។ កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅលោកស្រី ស៊ូជី ក៏បានទៅទស្សនកិច្ចនៅក្រុងប៉េកាំង ដើម្បីសុំឲ្យចិនជួយបញ្ចុះបញ្ជូលក្រុមប្រឆាំងឲ្យចូលរួមសន្និសីទសន្តិភាពប៉ាងឡុង ដែលរៀបចំដោយរដ្ឋាភិបាលថ្មីកន្លងទៅ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏បានពិភាក្សាលើបញ្ហាចម្រូងចម្រាស់ ស្តីពីការកសាងទំនប់វារីអគ្គិសនីរបស់ចិន និងបញ្ហាធុរកិច្ចរវាងប្រទេសទាំងពីរទៀតផង។ ក្រោយមកលោកស្រីបន្តទៅធ្វើទស្សកិច្ចផ្លូវការនៅអាមេរិក នៅខែកញ្ញា ២០១៦ ដើម្បីសុំឲ្យមានការគាំទ្រច្បាស់លាស់ពីក្រុងវ៉ាស៊ីនតោន លើជម្លោះរ៉ាំរ៉ៃរវាងរដ្ឋាភិបាលភូមា និងរដ្ឋផ្តាច់ខ្លួន រ៉ាគីន (Rakhine) ដែលនៅភាគខាងលិចភូមា។ ក្រៅពីនេះ លោកស្រីក៏បានសុំឲ្យអាមេរិកគាំទ្រគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់ខ្លួន ដោយសុំឲ្យក្រុងវ៉ាស៊ីនតោន បង្កើនការវិនិយោគនៅក្នុងប្រទេសដែលមានប្រជាធិបតេយ្យវ័យក្មេងមួយនេះ។ នៅក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូង រដ្ឋាភិបាលលោកស្រីមានការប្រយ័ត្នណាស់ ហើយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភូមាបានត្រឹមសុំឲ្យប្រទេសដែលជាភាគីជម្លោះ ដោះស្រាយដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។ ការថ្លែងបែបនេះ ជាជម្រើសល្អបំផុត ដើម្បីរក្សាតុល្យភាពទំនាក់ទំនងរវាងភូមា និងមហាអំណាចទាំងពីរ និងដើម្បីចៀសវៀងការអាក់អន់ចិត្តពីមិត្តនៅក្នុងតំបន់ (អាស៊ាន)។
ងាកមកប្រទេសថៃ ការវិលមកវិញនៃរបបយោធា ដែលកើតឡើងចេញពីការធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ស្របជាមួយនឹងការប្រកាសច្បាប់អាជ្ញាសឹក (Curfew Law) បានធ្វើឲ្យមានការអាក់អន់ចិត្ត និងការព្រមានពីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុបជាច្រើនកន្លងទៅ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏ធ្លាប់រិះគន់អាមេរិកយ៉ាងចាស់ដៃដែរថា «អាមេរិកគួរបញ្ឈប់ការរិះគន់របបយោធាថៃ ព្រោះអាវមួយ (សំដៅដល់ប្រជាធិតេយ្យ) មិនអាចពាក់បានគ្រប់គ្នានោះទេ»។ មិនតែប៉ុណ្ណោះ ថៃក៏ចាប់ផ្តើមមានទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចិន និងរុស្សី ហើយខ្លួនធ្លាប់និយាយថា មិនដែលខ្វល់ឡើយ បើអាមេរិកដកជំនួយ និងសមយុទ្ធយោធាដូចការគម្រាមមែននោះ។ កាលពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ថៃ និងចិន បានធ្វើសមយុទ្ធរួមគ្នា ទាក់ទងនឹងប្រតិបត្តិការដែនគោក និងដែនទឹក។ ឯអាមេរិក បានប្រកាសកាត់បន្ថយសមយុទ្ធយោធាជាមួយថៃ ដរាបណាមិនទាន់មានការបោះឆ្នោតជាថ្មី។ ត្រូវចាំថា ចិនជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់ថៃ ហើយក៏ជាម្ចាស់គម្រោងសាងសង់ផ្លូវដែកពីភាគខាងត្បូងចិន មកកាន់ឡាវ និងថៃផងដែរ។ ព្រឹត្តិការណ៍ចុងក្រោយរបស់ថៃ ពិសេសការចូលទិវង្គតរបស់ស្តេច ភូមិបុល អាឌុលយ៉ាដេត ដែលជាស្តេចចាប់កំណើត និងទទួលបានការអប់រំនៅប្រទេសអាមេរិក បានធ្វើឲ្យទំនាក់ទំនងរវាងថៃ និងអាមេរិកកាន់តែមានភាពស្រពិចស្រពិល។ ស្រពិចស្រពិលដោយហេតុថា កាលពីព្រះអង្គនៅមានជីវិត លទ្ធិប្រជាធិបតេយ្យមានដង្ហើមគួរសម (ព្រះអង្គតែងបង្កើតការផ្សះផ្សាពេលមានរដ្ឋប្រហារនានាកន្លងទៅ) ហើយថៃមានទំនាក់ទំនងយ៉ាងល្អជាមួយគ្រប់មហាអំណាច។ ពេលនេះអាមេរិកបារម្ភថា បើព្រះរាជបុត្រ មហាវិជ្ជរាឡុងកន (ដែលប្រជាជនថៃមិនសូវជាពេញចិត្ត) នឹងឡើងគ្រងរាជ្យបន្តមែន នោះរបបយោធានឹងអាចមានលេស ក្នុងការគ្រប់គ្រងបន្ត ដើម្បីធានាស្ថេរភាពនយោបាយ ហើយពេលនោះហើយដែលអាមេរិក ពិបាកចិត្តថាតើ គួររក្សាទំនាក់ទំនងល្អជាមួយរបបយោធា ឬចាំដល់ពេលថៃមានការបោះឆ្នោតសិន។ ហើយបើចាំ តើចិន និងថៃ កាន់តែស្អិតរមួតជាមួយគ្នាដល់កម្រិតណា?
រីឯវៀតណាមឯនេះវិញ អាមេរិកកាន់តែមានរូបភាពអាក្រក់ ពិសេសបញ្ហាប្រជាធិតេយ្យ និងសិទ្ធិមនុស្ស។ គ្រប់គ្នាដឹងថា សិទ្ធិមនុស្សនៅវៀតណាមគឺមហាយ៉ាប់ ហើយគ្មានទេប្រជាធិបតេយ្យក្នុងប្រទេសសង្គមនិយមមួយនេះ។ តែហេតុអ្វីបានជាអាមេរិក ដែលជាអតីតសត្រូវស៊ីសាច់ហុតឈាមក្នុងសង្រ្គាមវៀតណាម-អាមេរិក កាលពីឆ្នាំ១៩៥៤ ដល់ ១៩៧៥ កន្លងទៅ បែរជាមកស្និទ្ធស្នាលនឹងគ្នា តាមរយៈការលុបចេញការហាមលក់អាវុធ (Arms Embargo Lift) ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អូបាម៉ា ក្នុងប្រទេសវៀតណាមកាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅវិញ? ការអនុវត្តស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់អាមេរិក ទៅលើប្រទេសវៀតណាម និងប្រទេសដទៃ ធ្វើឲ្យមានការរិះគន់ជាខ្លាំង ពីអ្នកឃ្លាំមើល។ ទោះនេះជារបត់មួយ ដើម្បីប្រឆាំងនឹងចិន លើបញ្ហាសមុទ្រចិនភាគខាងត្បូង និងជាការអនុវត្តន៍គោលនយោបាយ Pivot to Asia ឬ Rebalancing to Asia របស់ខ្លួនក្តី ក៏ជាយុទ្ធសាស្រ្តចិនជាអ្នកមានប្រៀប។ មានប្រៀបជាពីររូបភាព៖ (១) បើអាមេរិកមិនហ៊ានតតាំងដោយផ្ទាល់នៅពេលដែលចិនកាន់តែគគ្លើន នោះចិនបង្ហាញពិភពលោកថា អាមេរិកគ្មានឆន្ទៈក្នុងការការពារសម្ព័ន្ធមិត្តខ្លួនឡើយ និង (២) ការមិនខ្វល់ពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់អាមេរិក បានបង្ហាញថា របបកុម្មុយនីសចិន នៅតែជារបបដែលពេញនិយមនៅពេលដែលប្រទេសនីមួយៗ ជួបបញ្ហាសន្តិសុខក្នុងប្រទេស និងក្នុងតំបន់។ ណាមួយបើយោងតាមការស្ទង់មតិកាលពីឆ្នាំ២០១៤ ប្រជាពលរដ្ឋវៀតណាម ពិសេសមនុស្សចាស់ មិនសូវទុកចិត្តអាមេរិក ដូចដែលខ្លួនទុកចិត្តរុស្ស៊ី ដែលជាអតីតសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ខ្លួន កាលពីក្នុងសង្គ្រាមត្រជាក់កន្លងទៅនោះទេ។
ចំពោះម៉ាឡេស៊ី សិង្ហបុរី កម្ពុជា និងឡាវ របបប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់អាមេរិកសុទ្ធតែមិនអាចធានាបាន។ ការគ្រប់គ្រងដោយគណបក្សមួយ ការអនុវត្តសិទ្ធិមនុស្សមានកម្រិត និងការពឹងពាក់ខ្លាំងលើចិន លើវិស័យសេដ្ឋកិច្ច និងសន្តិសុខ សុទ្ធតែបង្ហាញថា ទាំងចិន និងអាមេរិកសុទ្ធតែមានការរួមចំណែកម្យ៉ាងម្នាក់។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់, អតីតនយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ, នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ ថុងលួន ស៊ីសាវលីត សុទ្ធតែមានទស្សនៈនយោបាយសម្រាប់ដឹកនាំផ្សេងៗគ្នា ដែលមិនមែនជារបស់អាមេរិកទាំងស្រុង និងមិនមែនជារបស់ចិនទាំងស្រុង។ អ្វីដែលគួរអោយភ្ញាក់ផ្អើលគឺថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ណាជីប រ៉ាហ្សាក់ នៅក្រុងប៉េកាំង កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ លោក រ៉ាហ្សាក់ បានប្រាប់លោកខាងលិចថា គួរឈប់ព្យាយាមបង្រៀនប្រទេសម៉ាឡេស៊ីទៀតទៅ ហើយពិសេសអាមេរិកគួរសហការជាមួយប្រទេសតូចៗ ដោយលក្ខណៈស្មើភាពគ្នា ដោយគ្មានបងតូចបងធំដូចកាលកន្លងទៅ។ រីឯកម្ពុជា និងចិន ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធចាក់ទឹកមិនលេច ដែលបានឆ្លុះបញ្ចាំងអោយឃើញតាមរយៈដំណើរទស្សនកិច្ ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកម្ពុជា កាលពីខែតុលា ២០១៦ កន្លងទៅ។ បន្ទាប់ពីទទួលបានកាដូផ្នែកសេដ្ឋកិច្ចយ៉ាងក្រាស់ក្រែលពីក្រុងប៉េកាំង រាជរដ្ឋាភិបាលក្រុងភ្នំពេញ ក៏បានបង្ហាញជំហរជាថ្មី ដោយប្រកាសដាច់ខាតមិនទទួលស្គាល់ការផ្តាច់ខ្លួនរបស់តៃវ៉ាន់ ចេញពីចិនឡើយ ដែលជំហរនេះផ្ទុយស្រឡះទៅនឹងការចង់បានរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ខាងលើជាការសង្ខេបពីព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់ ដែលអាចឆ្លើយតបបានមួយចំនួនធំ ថា តើរវាងចិន និងអាមេរិក មួយណាមានប្រៀបជាង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែបើយើងមើលពីគោលនយោបាយរបស់អាមេរិក និងចិន មកកាន់តំបន់នេះវិញ ការប្រៀបធៀបអាចនឹងមានភាពច្បាស់លាស់ជាងមុន។
គោលនយោបាយ Pivot to Asia ឬ Rebalancing to Asia របស់ក្រុងវ៉ាស៊ីនតោន ជាគោលនយោបាយល្អ ប៉ុន្តែផ្តោតសំខាន់តែលើវិស័យយោធា (សន្តិសុខ) ពេក។ ណាមួយគោលនយោបាយនេះ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលខ្លាំង ដោយសារហេតុផលពីរ៖ (១) បើសិនជាលទ្ធផលនៃការបោះឆ្នោតរបស់អាមេរិកបង្ហាញថាលោក ដូណាល់ត្រាំ ឈ្នះ នោះ Pivot to Asia អាចមានកម្រិត ដោយហេតុថា គោលនយោបាយនេះផ្តួចផ្តើមឡើងដោយលោកស្រី ហ៊ីឡារី គ្លីនតុន (២០០៩) កាលលោកស្រីនៅជារដ្ឋមន្ត្រីការបរទេសអាមេរិក ហើយ ដូណាល់ត្រាំ អាចនឹងកាត់បន្ថយសកម្មភាពខាងក្រៅ មកជាការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសន្តិសុខនៅខាងក្នុងប្រទេសវិញ។ និង (២) អាមេរិកមានបញ្ហាច្រើនទៀតក្រៅពីតំបន់អាស៊ី ជាពិសេសវិបត្តិ ISIS នៅមជ្ឈឹមបូព៌ាតែម្តង ដែលអាមេរិកចំណាយរាប់ពាន់លានដុល្លារក្នុងប្រតិបត្តិការរបស់ខ្លួនកន្លងទៅ។ ផ្នែកសេដ្ឋកិច្ច គោលនយោបាយ Trans-Pacific Partnership (TPP) របស់អាមេរិកនៅមានកម្រិតនៅឡើយ (ទោះបី GDP សរុប មានចំនួន ២៧ ទ្រីលាន USD និងប្រជាជនសរុបជាង ៨១៩លាននាក់) ដោយហេតុថា សមាជិកមាន ចំនួនតែ ១២ (អាមេរិក កាណាដា វៀតណាម សិង្ហបុរី ព្រុយណេ អូស្ត្រាលី ញូវសេឡង់ ម៉ាឡេស៊ី មិកស៊ីកូ ឈីលី និងប៉េរូ) ដែលក្នុងនោះមាន ៤ប្រទេសប៉ុណ្ណោះ ដែលជាសមាជិកអាស៊ាន។ មូលហេតុដែលប្រទេសមួយចំនួនទៀតមិនមានសមាជិកភាពក្នុងនោះដោយសារតែ (១) សម្រាប់ កម្ពុជា ឡាវ និងភូមា TPP មាននីតិវិធីច្រើនពេក (៥៥៤៤ទំព័រ) និងទាមទារលក្ខណៈសម្បត្តិស្តង់ដារច្រើន (ជាពិសេសកម្មសិទ្ធិបញ្ញា, IPR) ដែលធ្វើឲ្យប្រទេសទាំងនេះមានការលំបាកក្នុងការចូលរួម និង (២) សម្រាប់ ហ្វីលីពីន ថៃ និងឥណ្ឌូនេស៊ី ដែលជាប្រទេសមានការអភិវឌ្ឍគួរសម TPP ផ្តល់ផលប្រយោជន៍តិចដល់ពួកគេ (ដូចជាទាមទារស្តង់ដារការងារខ្ពស់ក្នុងការផលិតផលិតផលនាំចេញទៅក្នុងសមាជិក TPP ដទៃ និងការមិនអនុញ្ញាតផ្តល់ការជ្រោមជ្រែង (Subsidies Granting) សហគ្រាសក្នុងស្រុក ប្រឆាំងនឹងអ្នកវិនិយោគិនបរទេស) ដែលទាំងនេះធ្វើឲ្យពួកគេមានការស្ទាក់ស្ទើរក្នុងការចូលរួម ព្រោះអាចប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន។
ចំណែកឯគោលនយោបាយ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចវិថីសូត្រ (Silk Road Economic Belt) និងវិថីសូត្រសមុទ្រសតវត្សទី២១ (21st Century Maritime Silk Road) (ឬ គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ វិថីមួយ - One Belt One Road Initiative) របស់ចិន មិនត្រឹមតែកំពុងដំណើរការទេ តែថែមទាំងមានប្រជាប្រិយភាពខ្លាំងទៀតផងស្ទើរគ្រប់តំបន់ មានដូចជា អាស៊ីកណ្តាល អាស៊ីខាងលិច អាស៊ីអាគ្នេយ៍ អឺរ៉ុប រហូតដល់អាហ្វ្រិកថែមទៀត។ ទោះជាគំនិតផ្តួចផ្តើមនេះសម្រាប់បិទបាំងវិបត្តិសេដ្ឋកិច្ចនៅផ្ទះរបស់ខ្លួនក៏ដោយ ក៏វាជាមហិច្ចតាដែលមានភាពប្រាកដប្រជា (Realistic Ambition) សម្រាប់អោយចិនគូសបន្ទាត់សេដ្ឋកិច្ចពិភពលោកថ្មី ជំនួសឲ្យបន្ទាត់ចាស់ ដែលគូសដោយលោកខាងលិចរាប់ទសវត្សមកហើយ។ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ចិនបានបង្កើតអនុគម្រោងមួយ ដែលមានឈ្មោះថា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (Regional Comprehensive Economic Partnership, RCEP) កាលពីឆ្នាំ ២០១២ (នៅភ្នំពេញ) ដែលមានសមាជិក ១៦ប្រទេស រួមមាន សមាជិកអាស៊ានទាំង១០ បូកជាមួយ ចិន កាណាដា ឥណ្ឌា ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង (GDP សរុប៖ ២២.៦ ទ្រីលាន USD និងប្រជាជនសរុប៖ ជាង៣,៤៧០ លាននាក់ នៅឆ្នាំ ២០១៤)។ ចិនក៏បានទាក់ទាញបានទស្សនិកជនជាច្រើន មកធ្វើជាសមាជិករបស់គម្រោងម៉ាក្រូរបស់ខ្លួនមួយ ដែលមានឈ្មោះថា ធនាគារវិនិយោគហេដ្ឋាររចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank, AIIB) ដែលខ្លួនបានដំណើរការជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ (ផ្តួចផ្តើមដោយចិនតាំងពីឆ្នាំ ២០១៣) កន្លងទៅ និងមានសមាជិកចំនួន ៥៧ប្រទេស ក្នុងនោះមានប្រទេសអាស៊ានទាំងដប់ រួមទាំងសម្ព័ន្ធមិត្តធំៗរបស់អាមេរិកផងដែរ ដូចជា បារាំង អាល្លឺម៉ង់ អ៉ីស្រាអែល ហូឡង់ កូរ៉េ ជប៉ុន អង់គ្លេស ។ល។ និង ។ល។
ទាំង RCEP របស់ចិន និង TPP របស់អាមេរិក សុទ្ធតែជាអនុគម្រោង ដែលចំណុះឲ្យ One Belt One Road និង Pivot to Asia ដែលជាគោលនយោបាយប្រជែងគ្នា ក្តោបក្តាប់តំបន់អាស៊ី។ តែស្តង់ដារធម្មតា និងនីតិវិធីមិនសាំញ៉ាំរបស់ RCEP បានធ្វើឲ្យចិនមានលទ្ធភាពទទួលបានទស្សនិកជនច្រើនជាង អាមេរិក ដែល TPP របស់ខ្លួនមានទស្សនិកជនតិចជាង ដោយសារហេតុផលលក្ខខណ្ឌច្រើន និងនីតិវិធីសាំញ៉ាំ។
ផ្អែកលើស្ថានភាពទាំងនេះ គេអាចនិយាយបានថា ចិនមានប្រៀបជាងអាមេរិក ជាបណ្តោះអាសន្ន នៅលើសង្វៀនអាស៊ីអាគ្នេយ៍ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ តែការសន្និដ្ឋាននេះ នឹងមានការប្រែប្រួល ក្នុងកាលៈទេសៈណាមួយ ព្រោះទាំងចិន និងអាមេរិក កំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា (ចិនផ្នែកសេដ្ឋកិច្ច និងអាមេរិកផ្នែកនយោបាយ)។ ម្យ៉ាងទៀត ទោះចិនហាក់មានទឹកមាត់ប្រៃក្នុងកាលៈទេសៈនេះក៏ដោយ ក៏បញ្ហានៅផ្ទះរបស់ខ្លួន ដូចជា ភាពមិនឋិតថេរផ្នែករូបិយប័ណ្ណយ័ន ការកើនឡើងនៃប្រាក់កម្ចីសាជីវកម្ម ការថយចុះនៃប្រាក់ផ្គត់ផ្គង់ក្នុងស្រុក ការពឹងផ្អែកខ្លាំងជ្រុលលើវិស័យបំណុល និងវិនិយោគ បញ្ហាពុករលួយ បញ្ហាបំពុលបរិស្ថាន បញ្ហាគ្រោះធម្មជាតិ និងកំណើនឡើងខ្លាំងនៃប្រជាជន (បន្ទាប់ពីគោលនយោបាយកូនមួយត្រូវបានលុបបំបាត់) សុទ្ធតែជាបិសាចដែលតែងបន្លាចចិនគ្រប់ពេល នៅពេលដែលខ្លួនរវល់តែដើររាយសំណាញ់នៅក្រៅប្រទេស។ ណាមួយទាំងចិន និងអាមេរិក បានយល់ហើយថា ប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ គ្មាននរណាមួយអាចទុកចិត្តបានទេ ប្រសិនបើមិនផ្តល់ជាកាដូ ឬរង្វាន់នានា។ ប្រវត្តិសាស្រ្តបានប្រាប់ហើយថា ដរាបណាមហាអំណាចណាមួយផ្តល់ផលប្រយោជន៍ជាង (ទោះធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមក៏ដោយ) នោះប្រទេសក្នុងតំបន់នេះងាយនឹងចាប់ក្រសោបយកណាស់៕
ដោយ៖ សុខ ប៊ុនថន