(ឌូបៃ)៖ ក្រុមហ៊ូទី នៅយេម៉ែន បានប្រកាសថា ពួកគេនឹងធ្វើឱ្យប៉ះពាល់យ៉ាងទូលំទូលាយ ដល់ផ្លូវអាកាសរបស់អ៉ីស្រាអែល តាមរយៈការកំណត់គោលដៅម្តងហើយម្តងទៀត ទៅលើអាកាសយានដ្ឋាន ដើម្បីជាការឆ្លើយតបនឹងអ៉ីស្រាអែល ដែលចង់ពង្រីកប្រតិបត្តិការក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ ២០២៥។
ហ៊ូទី ដែលមានអ៉ីរ៉ង់សម្ព័ន្ធមិត្ត ក៏បានទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៉ីល កាលពីថ្ងៃអាទិត្យ នៅក្បែរអាកាសយានដ្ឋាន Ben Gurion របស់អ៉ីស្រាអែលផងដែរ គ្រាដែលលោកនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ប្តេជ្ញាសងសឹកវិញ។ មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌របស់ហ៊ូទី ដែលបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីជាទីសម្រាប់វាយលុកកប៉ាល់ពាណិជ្ជកម្ម បានចេញការព្រមានអំពីការកំណត់គោលដៅលើអាកាសយានដ្ឋានអ៉ីស្រាអែល ដោយនិយាយថា អាកាសយានដ្ឋាន Ben Gurion នឹងក្លាយជាគោលដៅកំពូល។
ការព្រមាននេះ ក៏ត្រូវបានផ្ញើជាអ៉ីមែល ទៅកាន់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ស្ថាប័នអាកាសចរណ៍ពិភពលោក និងអង្គការអាកាសចរណ៍ស៉ីវិលអន្តរជាតិ របស់អង្គការសហប្រជាជាតិផងដែរ។ នៅក្នុងអ៉ីម៉ែលនោះ ហ៊ូទី អំពាវនាវដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំងអស់ប្រុងប្រៀបខ្លួន លុបចោលជើងហោះហើរទាំងអស់របស់ពួកគេ ទៅកាន់អាកាសយានដ្ឋានរបស់អ៉ីស្រាអែល ដើម្បីការពារសុវត្ថិភាព។
គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ូទី បាននិយាយថា សកម្មភាពដែលពួកគេធ្វើ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រឆាំងនឹងសង្រ្គាមរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា៕