ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលស្មើភាព ជាមួយចិន (Video inside)
05-05-2025 14:26
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងជួបជាមួយប្រទេសជាច្រើន រួមមានទាំងចិនផងដែរ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយអាទិភាពចម្បងរបស់លោកជាមួយចិន គឺធ្វើយ៉ាងណាសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ដែលមានយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកគ្មានគម្រោងសន្ទនាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះទេ ប៉ុន្តែក្រុមមន្រ្តីអាមេរិក កំពុងជជែកជាមួយក្រុមមន្រ្តីចិន អំពីរឿងជាច្រើន។ នៅពេលត្រូវបានសាកសួរថា តើមានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះដែរឬអត់នោះ លោក ត្រាំ បានឆ្លើយតបថាអាចមាន ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមជាងនេះឡើយ។
គួរបញ្ជាក់ថា ក្រុមមន្រ្តីអាមេរិក បានបើកជំនួបជាបន្តបន្ទាប់ជាមួយ បណ្តាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ កាលពីថ្ងៃទី២ ខែមេសា បានយកពន្ធ១០ភាគរយ លើប្រទេសភាគច្រើន រួមជាមួយអត្រាពន្ធខ្ពស់ លើដៃគូពាណិជ្ជកម្មជាច្រើនផ្សេងទៀត ដែលក្រោយមកត្រូវបានពន្យារពេល៩០ថ្ងៃ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានដំឡើងពន្ធ ២៥ភាគរយលើរថយន្ត ដែកថែប និងអាលុយមីញ៉ូម, ២៥ភាគរយលើកាណាដានិងម៉ិកស៉ិក ព្រមទាំង១៤៥ភាគរយលើចិន៕