(នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា បានទទួលស្គាល់ថាលោកបានលើកឡើងនូវសំណើចង់បញ្ជូនកងទ័ពអាមេរិក ទៅកាន់ប្រទេសម៉ិកស៉ិក ដើម្បីជួយប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum នៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ជាសំណើមួយដែលត្រូវបានបង្ហើបដោយលោកស្រី Sheinbaum កាលពីថ្ងៃសៅរ៍ និងនិយាយថា លោកស្រីផ្ទាល់បានបដិសេធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ AIR FORCE ONE ខណៈរូបលោកធ្វើដំណើរត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដោយចាកចេញពីរដ្ឋ Florida លោក ត្រាំ បាននិយាយថារូបលោកបានលើកឡើងនូវសំណើចង់បញ្ជូន ដោយសារតែពួកឧក្រិដ្ឋជនគ្រឿងញៀនគឺជាពួកមនុស្សដ៏អាក្រក់ក្រៃលែងដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់។ «ប្រសិនបើម៉ិកស៉ិកត្រូវការជំនួយប្រយុទ្ធប្រឆាំងនឹងពួកឧក្រិដ្ឋជនគ្រឿងញៀន ខ្ញុំពិតជាមានកិត្តយស ណាស់នឹងជួយ»។ នេះជាការបញ្ជាប់របស់លោក ត្រាំ។ នៅពេលត្រូវបានសាកសួរថាតើរូបលោកខកចិត្តដែរឬទេ ដែលលោកស្រី Sheinbaum បដិសេធសំណើរបស់លោក លោក ត្រាំ បានបន្ថែមថា «ខ្ញុំគិតថាលោកស្រីគឺជា ស្រ្តីម្នាក់គួរឱ្យស្រឡាញ់។ ប្រធានាធិបតីម៉ិកស៊ិកជាស្រី្តម្នាក់គួរឱ្យស្រឡាញ់។ ប៉ុន្តែលោកស្រីក៏មានការភិតភ័យចំពោះពួកឧក្រិដ្ឋជនគ្រឿងញៀនដែរ សូម្បីតែគិតដល់»

គួរបញ្ជាក់ថា លោកស្រី Sheinbaum កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានអះអាងថាលោកស្រីបានច្រានចោលសំណើរបស់លោក ត្រាំ ដោយលោកស្រីសង្កត់ធ្ងន់ថាអធិបតេយ្យមិនមែនសម្រាប់លក់នោះទេ។ ការអត្ថាធិប្បាយរបស់លោកស្រី កើតមានឡើងបន្ទាប់ពីកាសែតអាមេរិក Wall Street Journal បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី២ ខែឧសភាថាលោក ត្រាំ បាន និងកំពុងដាក់សម្ពាធលើម៉ិកស៉ិក អនុញ្ញាតឱ្យយោធាអាមេរិកចូលរួមយ៉ាងជ្រៅ ក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមពួកឧក្រិដ្ឋជនគ្រឿងញៀន នៅទូទាំងតំបន់ព្រំដែនរវាងប្រទេសទាំង២៕