(តួកគី)៖ អាជ្ញាធរតួកគីបានឱ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង៣០នាក់ ផ្សេងទៀតរងរបួសរួមទំាងអាគារជាច្រើនខ្នងត្រូវបានបំផ្លាញយ៉ាងដំណំនៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដ នៅក្បែរទីស្នាក់ការប៉ូលិសមួយកន្លែងក្នុងទីក្រុង Diyarbakirស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសដែលសម្បូរទៅដោយជនអំប្បូរឃើដរស់នៅ។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជុំវិញការវាយប្រហារនេះដែរពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនោះទេក៏ប៉ុន្តែបើតាមប្រភពមួយចំនួននិងពីអាជ្ញាធរតួកគីបានអះអាងថា នេះអាចជាស្នាដៃរបស់គណបក្សពលករឃើដ PKKខណៈការវាយប្រហារដោយបំផ្ទុះរថយន្ដដ៏ខ្លំាងក្លាយនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅបន្ទាប់មេដឹកនាំឃើដជាច្រើននាក់ត្រូវប៉ូលិសតួកគីចាប់ខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយពុំទាន់មានព័ត៌មានផ្លូវការបញ្ជាក់ថាព្រឹត្តិការណ៍ទាំងពីរនេះមានជាប់ពាក់ព័ន្ធគ្នានោះទេ។
គួរបញ្ជាក់ថាទីក្រុង Diyarbakir នៃភាគអាគ្នេយ៍ប្រទេសតួកគីសឹងតែក្លាយជាសមរភូមិប្រយុទ្ធជារៀងរាល់ថ្ងៃ រវាងក្រុមសកម្មប្រយុទ្ធឃើដ PKK និងកងកម្លំាងតួកគីទៅហើយក្រោយពីបទឈប់បាញ់បានបរាជ័យកាលពីរដូវក្ដៅ ឆ្នាំ២០១៥ ដែលមានគោលបំណងស្វែងរកសន្តិភាពបញ្ចប់ជម្លោះរវាងភាគីទំាងពីរនិងបានបង្កឱ្យមនុស្សច្រើនជាង ៤០,០០០នាក់បាត់បង់ជីវិតគិតចាប់តាំងពីឆ្នាំ១៩៨៤មក៕