(ម៉ានីល)៖ អធិរាជប្រដាល់សកល Manny Pacquiao បានសាងប្រវតិ្តសាស្រ្តដ៏គួរឲ្យភ្ញាក់ផ្អើលទាំងនៅលើសង្វៀនប្រដាល់ និងលើឆាកនយោបាយ នៃប្រទេសហ្វីលីពីនរហូតដល់បច្ចុប្បន្ន បើទោះបីជាមានវ័យ ៣៧ឆ្នាំហើយក៏ដោយ។
ខាងក្រោមនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិត្រួសៗរបស់ Manny Pacquiao ដោយដកស្រង់ចេញពីសារព័ត៌មាននានា និងគេហទំព័រ Wikileaks ស្របពេលរូបគេជិតឡើងវ៉ៃដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យម WBO ពីជើងខ្លាំង Jessie Vargas ព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកាខាងមុខនេះ។
១៖ កុមារភាព និងជីវិតផ្ទាល់ខ្លួន
លោក Manny Pacquiao បានកើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងសង្កាត់ Kibawe ស្ថិតក្នុងទីក្រុង Bukidnon ប្រទេសហ្វីលីពីន ជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់ ក្នុងគ្រួសាររបស់លោក Rosalio Pacquiao និងអ្នកស្រី Dionisia Dapidran-Pacquiao ដែលពួកគេបានចែកផ្លូវគ្នា (លែងលះ) កាលពី Pacquiao នៅរៀនថ្នាក់ទី៦ម្ល៉េះ ដោយសារតែឪពុកមានស្រីថ្មី។ Pacquiao បានរៀបការនៅខែឧសភា ឆ្នាំ២០០០ ជាមួយនាង Jinkee Jamora ដែល រហូតមកទល់នឹងពេលនេះ ពួកគេមានកូន៥នាក់។
២៖ ការសិក្សា
លោក Manny Pacquiao មិនបានរៀនចប់កម្រិតវិទ្យាល័យឡើយ (High School) ដោយសារតែបញ្ហាជីវភាពគ្រួសារខ្វះខាត និងបង្ខំចិត្តចាកចេញពីផ្ទះតាំងពីអាយុ ១៤ឆ្នាំមកម្ល៉េះ តែរហូតដល់ឆ្នាំ២០០៧ បានប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យជាប់ជាស្ថាពរ ដើម្បីមានសិទ្ធិរៀននៅសាកលវិទ្យាល័យ ជំនាញគ្រប់គ្រងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Notre Dame of Dadiangas (NDDU)។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៩ Pacquiao បានទទួលប័ណ្ណសរសើរពីសាកលវិទ្យាល័យ Southwestern University (SWU) អំពីជីវិតជោគជ័យក្នុងវិស័យប្រដាល់សកល និងសកម្មភាពមនុស្សធម៌ផ្សេងៗ។
៣៖ អាជីពប្រដាល់
ស្ថិតក្នុងវ័យ១៤ឆ្នាំដ៏ក្មេងខ្ចី ជីវិតរបស់ Pacquiao បានរសាត់អណ្តែតដល់ទីក្រុង Manila ប្រទេសហ្វីលីពីនដដែល ដោយដេកនៅតាមដងវិថី និងសំយ៉ាបផ្ទះ របស់គេគួរឲ្យសង្វេគ មុនពេលចូលហាត់ប្រដាល់ដំបូងទាំងក្មេងខ្ចី ដែលស្ថិតក្រោមការចំណាយរបស់រដ្ឋាភិបាលហ្វីលីពីនផ្ទាល់តែម្តង ដោយបានឡើងវ៉ៃក្នុង កម្មវិធីផ្សេងៗបានចំនួន ៦៤ដង ឈ្នះ ៦០ដង និងចាញ់តែ៤ដងប៉ុណ្ណោះ។
ដោយសារតែភាពលេចធ្លោវ៉ៃមិនដែលចាញ់ Pacquiao ត្រូវបានមិត្តជិតស្និទ្ធរបស់គេម្នាក់ឈ្មោះ Euene Barutag បាន Promote ក្លាយជាអ្នកប្រដាល់អាជីព ចាប់តាំងពីឆ្នាំ១៩៩៥មក ដែលមានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ មានទម្ងន់ និងឡើងប្រកួតផ្លូវការដំបូងនាថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៥ ដោយបានវាយឈ្នះកីឡាករ Edmund Ignacio ដោយពិន្ទុ មិនឯកច្ឆន្ទ។
៤៖ ជើងឯកខ្សែក្រវាត់
ចាប់ពីឆ្នាំ១៩៩៥មក ពោលគឺ Manny Pacquiao បានវិវត្តន៍ខ្លួនក្លាយជាកីឡាករប្រដាល់អាជីព (Professional Boxer) ដោយធ្លាប់ឡើងប្រកួតបាន៦៦ដង ឈ្នះ៥៨ដង ស្មើ២ដង និងចាញ់៦ដង (សន្លប់៣ដង និងចាញ់ដោយពិន្ទុ៣ដង) ធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើទីលានបាន៣៨ដង ដោយមានចម្ងាយវាយចេញ ១.៧៩សង់ទីម៉ែត្រ (cm)។
បុរសកូន៥នាក់ កម្ពស់១.៦៩ម៉ែត្រ Pacquiao បច្ចុប្បន្នជាកីឡាករប្រដាល់អាជីពឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោក ដោយលេខ១ Floyd Mayweather ដែលកំពុងកាន់ខ្សែក្រវាត់ពិភពលោក WBC ក្នុងដៃ។ Pacquiao ក៏ជាកីឡាករលេខ១ ប្រចាំទ្វីបអាស៊ី និងជានិមិ្មតរូបរបស់ប្រទេសហ្វីលីពីនថែមទៀតផង។ មួយវិញទៀត Pacquiao ក៏ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃលេខ២លើលោកផងដែរ ដោយក្នុង១ឆ្នាំឡើងវាយតែ១ដង យ៉ាងច្រើនតែ២ដងប៉ុណ្ណោះ ឆ្នាំខ្លះទៀត អត់ក៏មានដែរ។
លោក Manny Pacquiao ជាកីឡាករតែមួយគត់ដែលបានគ្រប់គ្រងខ្សែក្រវាត់ពិភពលោក៨សម័យកាលជាប់ៗគ្នា និងជាជើងឯក ៥ប្រភេទទម្ងន់ផ្សេងគ្នាថែមទៀតផង ដោយបានយកឈ្នះ១០ដង ក្នុងការឡើងវាយជាលក្ខណៈលំដាប់ ពិភពលោក។ Pacquiao ដែលមានរហស្សនាមថា «Pacman» ត្រូវបានគេប្រសិទ្ធិនាមថា «Fighter of the Decade» (ស្តេចប្រដាល់ប្រចាំទសវត្សរ៍) ក្នុងឆ្នាំ២០០០មក ដោយខ្សែក្រវាត់ធំៗ WBA, WBO និង WBC រូបគេធ្លាប់ឈ្នះទាំងអស់។
Pacquiao បានឈានជើងចូលឆាកនយោបាយនៃប្រទេសហ្វីលីពីនតាំងពីខែឧសភា ឆ្នាំ២០១០ និងត្រូវបានប្រជាជន បោះឆ្នោតគាំទ្រឈ្នះបាន១កៅអី ក្នុងសភាផងដែរ នៃការបោះឆ្នោតសកលកាលពីខែឧសភា ឆ្នាំ២០១៦ ក្នុងអាណត្តិ៦ឆ្នាំ រហូតដល់ឆ្នាំ២០២២៕