(ញូវដេលី)៖ ឥណ្ឌា នៅថ្ងៃសៅរ៍នេះថា បានប្រកាសហាមប្រាមការនាំចូលទំនិញដែលមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ជាមួយនិងការរារាំងកប៉ាល់ប៉ាគីស្ថានមិនឱ្យចូលមកផងដែរ ខណៈភាពតានតឹងរវាងប្រទេសទាំងពីរជុំវិញការវាយប្រហារដ៏ព្រៃផ្សៃទៅលើភ្ញៀវទេសចរ នៅក្នុងតំបន់កាស្មៀរកាន់តែកេីនឡេីង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ខែឧសភា ឆ្នាំ ២០២៥។
អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ឥណ្ឌា បានលេីកឡេីងថា ការហាមប្រាមនេះនឹងចូលជាធរមានភ្លាមៗ ហេីយថាជាការ រឹតបន្តឹងដោយផ្អែកផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ។
នៅថ្ងៃដដែល ឥណ្ឌាបាននិយាយថា កប៉ាល់ដោតទង់ជាតិប៉ាគីស្ថាន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាកំពង់ផែឥណ្ឌាណាមួយឡើយ ហើយកប៉ាល់ដោតទង់ជាតិឥណ្ឌាក៏នឹងមិនទៅទស្សនាកំពង់ផែនៅប៉ាគីស្ថាននោះដែរ។ បទបញ្ជានេះត្រូវបានដាក់ចេញដើម្បីធានាសុវត្ថិភាពនៃទ្រព្យសម្បត្តិ ទំនិញ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រេីឱ្យផលប្រយោជន៍សាធារណៈ និងសម្រាប់ផលប្រយោជន៍នៃការដឹកជញ្ជូនរបស់ឥណ្ឌា។
គួរបញ្ជាក់ថា ពាណិជ្ជកម្មរវាងឥណ្ឌា និងប៉ាគីស្ថានបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការវាយប្រហារដែលទំនងជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធសម្លាប់មនុស្ស ២៦នាក់កាលពីសប្តាហ៍មុនលើទីក្រុងទេសចរណ៍ Pahalgam នៃតំបន់ កាស្មៀរប៉ែកខាងឥណ្ឌាគ្រប់គ្រង បានធ្វេីឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែធ្លាក់ចុះ៕