(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា គ្រប់សកម្មនៅក្នុងសង្គម ដែលត្រឹមត្រូវទៅតាមច្បាប់ និងមិនធ្វើឲ្យអន្តរាយដល់សង្គម កងយោធពលខេមរភូមិន្ទការពារជានិច្ច។ ផ្ទុយទៅវិញសកម្មភាពប៉ុលប៉ងបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម ដែលផ្ទុយនិងច្បាប់ គឺកងយោធពលខេមរភូមិន្ទប្រឆាំងដាច់ខាត។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ប្រទេសជាតិ ដល់នាយទាហាន​ប្រមាណ ២០០នាក់នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍  ឥត សារ៉ាត់ បានគូសបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទ មានតួនាទីអព្យាក្រិត្យតែ ចំពោះគណបក្សនយោបាយ តែមិនអព្យាក្រិត្យចំពោះរាជរដ្ឋាភិបាលឡើយ។ ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហាន ត្រូវបំពេញតួនាទីភារកិច្ចប្រកបដោយភាពម៉ឺងម៉ាត់ ដើម្បីការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ការពារសន្តិភាព ស្ថិរភាពរបៀបរៀបរយសង្គម»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹកដល់នាយទាហានត្រូវបង្កើនការយកចិត្តទុកដាក់ការចាត់តាំងការរៀនសូត្រជាប្រចាំ ដើម្បីក្តាប់បានរាល់សភាពការណ៍សំខាន់ៗ ដែលកំពុងកើតមាននៅក្នុងសង្គម ក៏ដូចជាសភាពការណ៍ដែលអាចនឹងកើតមាននាពេលថ្ងៃមុខ។

លោក ឥត សារ៉ាត់ ក៏បានដាស់តឿនដល់នាយទាហានត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមការងារ «ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល និងព្យាបាល» ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការបំពេញការងារជាភារកិច្ចរបស់ខ្លួន៕