(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ក្រឡាប់ទូកមួយគ្រឿង នៅក្បែរកោះនៃប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់៥៤នាក់ហើយ នៅក្នុងថ្ងៃទីបីនៃប្រតិបត្តិការតាមរកអ្នកដែលអាចនៅរស់រានមានជីវិត ហើយប៉ូលិសឥណ្ឌូណេស៊ីបានអះអាងជាមួយក្តីសង្ឃឹម ដែលកំពុងតែបាត់បង់ទៅបន្តិចម្តងៗសម្រាប់មនុស្សចំនួន ០៦នាក់ផ្សេងទៀតដែលនៅតែបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៦។
លោក Airlangga អ្នកនាំពាក្យទីបញ្ជាការប៉ូលិសប្រចាំកោះ Batam បានឲ្យដឹងនៅថ្ងៃព្រឹកសុក្រនេះថា ចំនួននៃអ្នកស្លាប់បានកើនឡើងដល់៥៤នាក់ហើយ ខណៈអ្នកដែលនៅរស់រានមានជីវិតចំនួន៤១នាក់ ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា។ ពាក់ព័ន្ធនឹងហេតុការណ៍នេះផងដែរបុគ្គលិកនៅលើទូកនោះម្នាក់ ត្រូវបានឃាត់ខ្លួនពីបទសង្ស័យបានធ្វើការដឹកជញ្ជូនលើសកំណត់ ចំណែកឯម្ចាស់ទូកកំពុងត្រូវសមត្ថកិច្ចតាមស្វែងរកមុខ បន្ទាប់ពីបានលួចរត់គេចខ្លួនបាត់ស្រមោល ខណៈជោគវាសនារបស់ជនទីបីដែលធ្វើការលើទូកនោះមិនដឹងទៅជាយ៉ាងណានោះឡើយ។
គួរបញ្ជាក់ដែរថាទូកល្បឿនលឿនមួយគ្រឿងផ្ទុកអ្នកដំណើរជាពលករចំណាកស្រុកឥណ្ឌូណេស៊ីចំនួន ៩៨នាក់ ដែលភាគច្រើនសុទ្ធតែជាអ្នកធ្វើចំណាកស្រុកខុសច្បាប់ រួមជាមួយនិងបុគ្គលិកទូកចំនួនបីនាក់ផងដែរនោះ បានក្រឡាប់លិចចូលទៅផ្ទៃសមុទ្រនៅក្បែរកោះ Batam នៃប្រទេសឥណ្ឌូណេស៊ីនាវេលាទៀបភ្លឺ នៅថ្ងៃពុធសប្តាហ៍នេះ ដោយវាបានធ្វើដំណើរចេញមកពីរដ្ឋ Johor ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី៕