(សិង្ហបុរី)៖ ប្រជាជនសិង្ហបុរីបានចាប់ផ្ដើមទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលក្នុងហិបឆ្នោត នៅថ្ងៃសៅរ៍ ទី៣ ខែឧសភា នៅក្នុងការបោះឆ្នោតសកលមួយដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Lawrence Wong ត្រូវប្រឈមមុខនឹងការធ្វើតេស្ដជាលើកដំបូងដ៏ធំមួយ តតាំងជាមួយគណបក្សប្រឆាំងដែលមានកម្លាំងខ្លាំងជាងមុន ចំពោះមុខភាពមិនច្បាស់លាស់បង្កឡើងដោយគោលនយោបាយពន្ធគយរបស់ លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គណបក្សសកម្មភាពប្រជាជន (PAP) ដែលជាបក្សកាន់អំណាចរបស់លោក Lawrence Wong ត្រូវបានរំពឹងថានឹងឈ្នះអាសនៈភាគច្រើននៅក្នុងសភា។ ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅរយៈពេល១២ម៉ោង ហើយលទ្ធផលបោះឆ្នោតមួយចំនួនត្រូវបានរំពឹងថានឹងត្រូវចេញផ្សាយជាបណ្ដើរៗនៅពាក់កណ្ដាលយប់ ថ្ងៃសៅរ៍នេះ។ ដោយទទួលបានប្រជាប្រិយភាពក្រោយដឹកនាំអង្គភាពប្រឆាំងកូវីដ១៩របស់សិង្ហបុរី លោក Wong បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២៤ ជំនួសលោក Lee Hsien Loong ដែលជាកូនប្រុសរបស់បិតាស្ថាបនិកសិង្ហបុរី លោក Lee Kuan Yew។

លោក Wong បានលើកឡើងម្ដងហើយម្ដងទៀតថារូបលោកត្រូវការអាណត្តិដ៏រឹងមាំមួយ ដើម្បីនាំសិង្ហបុរីឆ្លងកាត់យុគសម័យនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ដោយសារតែគោលនយោបាយពន្ធគយរបស់ លោក ដូណាល់ ត្រាំ។ លោកថែមទាំងបានព្រមានទៀតផងថាសិង្ហបុរីអាចនឹងរងការយកពន្ធគយកម្រិតខ្ពស់ ប្រសិនបើលោក ត្រាំ អនុវត្តតាមការយកពន្ធគយដែលលោកបានប្រកាស និងក្រោយមក បានពន្យារ ពេល ៩០ថ្ងៃ លើកលែងតែចិនមួយចេញ។ «ដូច្នេះខ្ញុំសូមនិយាយទៅកាន់ពលរដ្ឋសិង្ហបុរីទាំងអស់ សូមពិចារណាឱ្យបានល្អិតល្អន់។ វាមិនមែនជាហ្គេមមួយនោះទេ។ តែវាជាគ្រួសាររបស់អ្នក អនាគតរបស់អ្នក និងសិង្ហបុរីរបស់ពួកយើង»។ នេះជាការលើកឡើងរបស់លោក Lawrence Wong អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

គួរបញ្ជាក់ថា សិង្ហបុរីមានប្រជាជនមានសិទ្ធិបោះឆ្នោតប្រហែល ២.៧៥លាននាក់ ដែលនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភា ៩៧រូប ក្នុងការបោះឆ្នោតសកលនៅថ្ងៃសៅរ៍នេះ៕