(សាន់ត្យាហ្គោ)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារតំបន់ Drake Passage ដែលនៅចន្លោះចុងទ្វីបអាមេរិកខាងត្បូង និងទ្វីបអង់តាក់ទិក ក្នុងជម្រៅរាក់ត្រឹមតែ ១០គីឡូម៉ែត្រ កាលពីថ្ងៃសុក្រ ទី២ ខែឧសភា បានបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិ និងការបញ្ជាឲ្យជម្លៀសប្រជាជនចេញពីតំបន់ឆ្នេរនៃតំបន់ Magallanes ភាគខាងត្បូងបំផុតរបស់ឈីលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារគ្រោះមហន្តរាយ SENAPRED របស់ឈីលី បានចេញបញ្ជាឲ្យមានការជម្លៀសប្រជាជនចេញ ខណៈដែលប្រធានាធិបតី លោក Gabriel Boric បានសរសេរលើបណ្ដាញសង្គម X ថា «យើងកំពុងអំពាវនាវឲ្យជម្លៀសប្រជាជនចេញពីឆ្នេរសមុទ្រក្នុងតំបន់ Magallanes ទាំងមូល»។ ទន្ទឹមនឹងនេះ វិទ្យាស្ថានអង់តាក់ទិកឈីលី (INAHC) បានប្រាប់ Reuters ថា មូលដ្ឋាននៅតំបន់អង់តាក់ទិកក៏កំពុងត្រូវបានជម្លៀសចេញដែរ។
សេវាជលសាស្ត្រ និងមហាសមុទ្រឈីលី (SHOA) បានព្រមានថា រលកស៊ូណាមិអាចនឹងទៅដល់មូលដ្ឋាននៅអង់តាក់ទិក និងទីក្រុងនានានៅភាគខាងត្បូងបំផុតរបស់ឈីលី ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានព្យាករណ៍ថា រលកអាចមានកម្ពស់ពី ០.៣ ដល់ ១ម៉ែត្រ នៅអង់តាក់ទិក និងពី ១ ដល់ ៣ម៉ែត្រ នៅប្រទេសឈីលី។
គួរបញ្ជាក់ថា ប្រទេសឈីលី ស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារគ្រោះរញ្ជួយដី និងរលកស៊ូណាមិ ដោយសារទីតាំងរបស់ខ្លួននៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក៕