(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ ដែលកំពុងផ្ទុះកំហឹងសាជាថ្មីចំពោះការសម្រេចចិត្ត លុបចោលការលក់កាំភ្លើង ២៦,០០០ដើមដល់ប៉ូលិសជាតិហ្វីលីពីននោះអាចនឹងងាកទៅទិញអាវុធពីរុស្ស៊ីវិញ ហើយនឹងពង្រីកចំណងមិត្តភាពជាមួយទីក្រុងប៉េកាំងបន្ថែមទៀត ក៏ប៉ុន្តែនេះមិនមែនមានន័យថាទីក្រុងម៉ានីល បោះបង់ចោលសហរដ្ឋអាមេរិកនោះទេពោលគឺ ប្រធានាធិបតីហ្វីលីពីនរូបនេះកំពុងលេងលែ្បង «ព្រួញមួយបាញ់បានសត្វបី»។ នេះបើយោងតាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរុស្ស៊ី លោក Vladimir Svedentsov ដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការលើកឡើងរបស់លោក Svedentsov មិនមែនជារឿងចៃដន្យទេជាក់ស្ដែងលោក ឌូធើតេ ខ្លួនឯងផ្ទាល់ធា្លប់បាននិយាយថា លោកចង់បង្កើតនយោបាយការបរទេសឲ្យមានតុល្យភាពថ្មីមួយ ដោយមិនពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀតនៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ច នៅក្នុងទីក្រុងប៉េកាំង កាលពីខែតុលាលោកបានប្រកាសក្ដែងៗថាលាហើយសហរដ្ឋអាមេរិក។
ប៉ុន្តែនៅពេលលោកជាន់ដល់ទឹកដីជប៉ុនលោកបែរជានិយាយថា ហ្វីលីលីនមិនអាចផ្ដាច់ទំនាក់ទំនងជាមួយ ទីក្រុងវ៉ាស៊ីនតោនបានទៅវិញ ហើយថែមទំាងអះអាងថាអ្វីដែលលោកលើកឡើងមុនៗ គ្រាន់តែជាគំនិតផ្ទាល់របស់លោកតែប៉ុណ្ណោះ មិនមែនតំណាងឱ្យរដ្ឋាភិបាលហ្វីលីពីនឡើយ។
ដោយឡែកជុំវិញរឿងនេះដែរនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Svedentsov បានថ្លែងថា «បើសិនជាការប្រកាសចង់ទិញអាវុធពីរុស្ស៊ីជាការពិត នោះមានន័យថាលោក ឌូធើតេ កំពុងដឹកនាំឆ្ពោះទៅរក គោលនយោបាយការបរទេសមានតុល្យភាពថ្មីមួយ សំដៅទៅរកសហរដ្ឋអាមេរិក ក៏ប៉ុន្តែក៏ឆ្ពោះទៅរកចិននិងរុស្ស៊ីផងដែរ»។
គួររំលឹកថាកាលពីថ្ងៃអង្គារ លោក ឌូធើតេ បានហៅអ្នកនៅពីក្រោយការសម្រេចចិត្តលុបចោលការលក់កាំភ្លើង ២៦,០០០ដើមឱ្យទីក្រុងម៉ានីលថាជា «មនុស្សឆ្កួត និងជាសត្វស្វា»៕