(វ៉ាស៉ីនតោន)៖ លោក Charles Kushner ដែលត្រូវជាដន្លងរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយនៅថ្ងៃព្រហស្បត៍ ទី១ ខែឧសភាថា លោកជាមនុស្សដែលអាចទុកចិត្តបាន ជុំវិញការធ្វើសេចក្តីសម្រេចចិត្តណាមួយ ប្រសិនបើឱ្យលោកធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅបារាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Kushner ធ្លាប់ត្រូវបានផ្តន្ទាទោសពីបទគេចពន្ធ បំភ្លៃសាក្សី និងចោទប្រកាន់ទៅលើរដ្ឋាភិបាលសហព័ន្ធ។ ចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក លោក Kushner ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ស្តុកស្តម្ភម្នាក់ និយាយថា «ខ្ញុំបានសាងកំហុសធ្ងន់ធ្ងរមួយ និងបានលះបង់តម្លៃដ៏ធំមួយ សម្រាប់កំហុសនោះរួចហើយ»។ លោកកត់សម្គាល់ថា «លោក និងភរិយាបានធ្វើការបរិច្ចាគសប្បុរសធម៌យ៉ាងច្រើន ហើយកំហុសកាលពីអតីតកាលនេះ នឹងធ្វើឱ្យរបៀបវិនិច្ឆ័យរបស់លោក ប្រសើរជាងមុន និងសាកសមក្នុងការធ្វើការងារ ជាឯកអគ្គរដ្ឋទូត»

គួរបញ្ជាក់ថា ជាទូទៅ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសបារាំង សុទ្ធតែមានប្រភពជាម្ចាស់ជំនួយធំ ឬមនុស្សជំនិតផ្សេងទៀត របស់ប្រធានាធិបតី៕