(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសទណ្ឌកម្មលើក្រុមហ៊ុនចំនួន ២ និងជនជាតិម៉ិកស៉ិក ៣នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀន និងការរត់ពន្ធប្រេង ហើយមានទំនាក់ទំនងជាមួយ ក្រុមឧក្រិដ្ឋជននៅម៉ិកស៉ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ ២០២៥។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ទណ្ឌកម្មត្រូវបានដាក់ទៅលើក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈគ្រោះថ្នាក់ គឺ Servicios Logisticos Ambientales និង Grupo Jala Logistica។ ក្រុមហ៊ុនទាំងពីរនេះ ធ្វើការដឹកជញ្ជូនឥន្ធនៈ និងប្រេងឆៅរវាងម៉ិកស៉ិក និងសហរដ្ឋអាមេរិកដោយប្រើឈ្មោះបុគ្គល ហើយមានទំនាក់ទំនងជាមួយក្រុមជួញដូរថ្នាំញៀន Sinaloa Cartel។ បណ្តាញនេះ រកលុយបានរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ ឱ្យក្រុមឧក្រិដ្ឋជន CJNG តាមរយៈការជួញដូរថ្នាំ fentanyl លួចបន្លំប្រេងឥន្ធនៈ និងរត់ពន្ធប្រេងឆៅពីម៉ិកស៉ិកឆ្លងកាត់ព្រំដែនភាគនិរតី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ចាត់ទុកថា CJNG គឺជាក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំមួយនៅម៉ិកស៉ិក រួមជាមួយក្រុម Sinaloa Cartel ដែលជំរុញឱ្យមានលំហូរថ្នាំញៀន fentanyl ចូលមកក្នុងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕