(ប៉េកាំង)៖ ចិន នៅថ្ងៃទី២ ខែឧសភា បាននិយាយថាខ្លួនកំពុងពិចារណាលើសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាស្ដីពីបញ្ហាពន្ធគយ ប៉ុន្តែចង់ឱ្យទីក្រុងវ៉ាស៊ីនតោនបង្ហាញ ភាពស្មោះត្រង់ និងត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីលុបចោលការយកពន្ធគយដែលធ្វើបានឱ្យទីផ្សារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោករំជើបរំជួល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការយកពន្ធគយរបស់សហរដ្ឋអាមេរិក ១៤៥ភាគរយលើទំនិញនាំចូលពីចិនបានចូលជាធរមានកាលពីខែមេសា ខណៈប៉េកាំងបានសងសឹកវិញដោយយកពន្ធគយ១២៥ភាគរយលើ ទំនិញនាំចូលពីសហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា smartphones, semiconductors និងកុំព្យូទ័រ ត្រូវបានលើកលែងជាបណ្ដោះអាសន្នពី ពន្ធគយអាមេរិក។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថាចិនបានទាក់ទងទៅកាន់សហរដ្ឋអាមេរិកដើម្បីស្នើសុំចរចាពីបញ្ហាពន្ធគយ ហើយ កាលពីថ្ងៃទី៣០ ខែមេសា លោក ត្រាំ បានលើកឡើងជាថ្មីថាវាមានឱកាសល្អដែលពួកយើងនឹងអាចសម្រេចបានកិច្ចព្រមព្រៀង។
នៅថ្ងៃទី២ ខែឧសភានេះ ក្រសួងពាណិជ្ជកម្មចិនបានទទួលស្គាល់ថាសហរដ្ឋអាមេរិកបានទំនាក់ទំនងមក ហើយថាបច្ចុប្បន្នប៉េកាំងកំពុងវាយតម្លៃលើសំណើចរចារបស់អាមេរិក។ ប៉ុន្តែ បានបញ្ជាក់ថារាល់កិច្ចចរចា ដំបូងត្រូវតម្រូវឱ្យមានការបង្ហាញភាពស្មោះត្រង់ពីភាគីអាមេរិកសិន។ «ប្រសិនបើសហរដ្ឋអាមេរិកចង់ចរចាពិតមែន អាមេរិកគួរតែបង្ហាញភាពស្មោះត្រង់ ចំពោះកិច្ចចរចាជាមុនសិន និងត្រៀមលក្ខណៈដើម្បីកែតម្រូវកំហុសឆ្គង ព្រមទាំងលុបចោលពន្ធគយឯកតោភាគី»។ នេះជាការគូសបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិន។
គួរបញ្ជាក់ថា ប្រទេសជាច្រើនកំពុងចរចាជាមួយសហរដ្ឋអាមេរិកអំពីបញ្ហាពន្ធគយ បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តផ្អាកការអនុវត្តការយកពន្ធគយទៅវិញទៅមករយៈពេល ៩០ថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅខែកក្កដាខាងមុខ។ ចិនមិនទទួលបានការលើកលែងនេះនោះទេ តែប៉េកាំងក៏បានសន្យាដែរថានឹងប្រយុទ្ធប្រឆាំងនឹងពន្ធគយអាមេរិករហូតដល់ទីបញ្ចប់៕