(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ថា ការកម្ចាត់ក្រុមហាម៉ាស់ គឺជាគោលដៅចម្បង និងជាអាទិភាពខ្ពស់ជាងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា។ ការផ្លាស់ប្តូរជំហរនេះ ធ្វើឡើងចំពេលកិច្ចចរចាបទឈប់បាញ់ជាប់គាំង។

ថ្លែងក្នុងសុន្ទរកថាចំថ្ងៃបុណ្យឯករាជ្យលើកទី៧៧ របស់អ៊ីស្រាអែល លោក Netanyahu បានមានប្រសាសន៍ថា «យើងមានគោលដៅជាច្រើន... យើងចង់នាំយកចំណាប់ខ្មាំងទាំងអស់មកវិញ... វាជាគោលដៅសំខាន់ណាស់... ប៉ុន្តែសង្រ្គាមមានគោលបំណងកំពូល ហើយគោលបំណងដ៏កំពូលនេះគឺជ័យជម្នះលើសត្រូវរបស់យើង»។

ការកត់សម្គាល់នេះ ខុសប្លែកពីសេចក្តីថ្លែងការណ៍មុនៗ ដែលលោកពណ៌នាថាការដោះលែងចំណាប់ខ្មាំងមានសារៈសំខាន់ស្មើនឹងការកម្ចាត់ហាម៉ាស់ ហើយវាកើតឡើងស្របពេលមានបាតុកម្មទាមទារឲ្យដោះលែងចំណាប់ខ្មាំង និងសម្ពាធពីដៃគូសម្ព័ន្ធមិត្តស្តាំនិយមឲ្យបន្តសង្គ្រាម។

ក្រុមគ្រួសសារចំណាប់ខ្មាំង និងគ្រួសារអ្នកបាត់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់លោក Netanyahu ថា កំពុង «ចូលដៃ» ជាមួយសម្ព័ន្ធមិត្តស្តាំនិយមរបស់លោក ដែលតែងតែអះអាងថា ការដោះលែងចំណាប់ខ្មាំង «មិនមែនជាគោលដៅសំខាន់បំផុត» ហើយជំរុញឲ្យកាន់កាប់ហ្គាហ្សាឡើងវិញ។

ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល លោក Eyal Zamir បានថ្លែងក្នុងពិធីដាច់ដោយឡែកមួយថា យោធា «បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារ ក្រុមហាម៉ាស់យ៉ាងដាច់ណាត់... ប្រសិនបើចាំបាច់ យើងនឹងធ្វើដូច្នេះក្នុងពេលឆាប់ៗនេះ»។

គួរបញ្ជាក់ថា ការដោះដូរចំណាប់ខ្មាំងចុងក្រោយបានធ្វើឡើងក្រោមបទឈប់បាញ់កាលពីខែមករា ដែលអ៊ីស្រាអែលបានបញ្ចប់នៅខែមីនា។ ចាប់តាំងពីអ៊ីស្រាអែលបន្តការវាយលុកមក អាជ្ញាធរសុខាភិបាលហ្គាហ្សាបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប៉ាឡេស្ទីន ២,៣២៦នាក់បានស្លាប់ និង ៦,០៥០នាក់រងរបួស ដែលនាំឲ្យអ្នកស្លាប់សរុបតាំងពីខែតុលា ឆ្នាំ២០២៣ កើនដល់ ៥២,៤១៨នាក់។ ការប្រកាសជំហរថ្មីរបស់លោក Netanyahu អាចនឹងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង កាន់តែប្រឈមនឹងការលំបាកថែមទៀត៕