(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទមាន «អាកប្បកិរិយាផ្ទុយពីការនិយាយ និងសេចក្តីថ្លែងការណ៍បង្កហេតុ» បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មី និងបានចេញការព្រមានពាក់ព័ន្ធនឹងក្រុមហ៊ូទីយេម៉ែន ខណៈដែលកិច្ចចរចានុយក្លេអ៊ែរសំខាន់ៗគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ លោក Esmaeil Baghaei តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ជា «វិធីសាស្រ្ត​ផ្ទុយ​គ្នា» និង«កង្វះ​សុច្ឆន្ទៈ» ក្នុង​ការ​ជំរុញ​ការទូត។ លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​នេះ ខណៈ​អ៊ីរ៉ង់​អះអាង​ថា ក្រុម​ហ៊ូទីធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ ដោយគ្មានពាក់ព័ន្ធនឹងអ៊ីរ៉ង់ឡើយ។

ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បាននិងកំពុងចរចាក្នុងរយៈពេលមួយខែចុងក្រោយនេះ លើកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ កិច្ចពិភាក្សាជុំទីបួន គ្រោងនឹងធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃសៅរ៍ខាងមុខនេះ បន្ទាប់ពីជុំមុនៗដែលសម្របសម្រួលដោយអូម៉ង់ ត្រូវបានភាគីទាំងពីរពណ៌នាថាមានលក្ខណៈស្ថាបនា។

ទោះជាមានកិច្ចចរចាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ បានគំរាមវាយប្រហារអ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មី។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បាននិងកំពុងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើក្រុមហ៊ូទីនៅយេម៉ែនផងដែរ ចាប់តាំងពីពាក់កណ្តាលខែមីនា។

គួរបញ្ជាក់ថា ការចោទប្រកាន់ និងសកម្មភាពចុងក្រោយនេះ បង្ហាញពីភាពស្មុគស្មាញ និងភាពតានតឹងដែលកំពុងកើតមាន ស្របពេលដែលភាគីទាំងពីរកំពុងព្យាយាមស្វែងរកដំណោះស្រាយការទូតចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៕