(កៀវ)៖ យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់រុស្ស៊ី បានវាយប្រហារទីក្រុងកំពង់ផែ Odesa ជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កជាអគ្គិភ័យ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលតំបន់ Odesa លោក Oleh Kiper បានសរសេរនៅលើ Telegram ថា «ការវាយប្រហាររបស់សត្រូវ បានបំផ្លាញអគារខ្ពស់ៗ ផ្ទះឯកជន ផ្សារទំនើប សាលារៀន និងរថយន្ត»។ លោកបានបន្ថែមថា អគ្គិភ័យបានឆាបឆេះនៅកន្លែងមួយចំនួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងពន្លត់។ វីដេអូដែលលោកបានបង្ហោះ បង្ហាញពីការខូចខាតយ៉ាងដំណំចំពោះអគារខ្ពស់ៗ និងកន្លែងផ្សេងទៀត។

ក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារនេះក៏បានធ្វើឲ្យខូចខាតផ្លូវដែក បណ្តាញទំនាក់ទំនង និងទូរថភ្លើងដឹកទំនិញចំនួនបីផងដែរ។ បុគ្គលិកកំពុងធ្វើការជួសជុល ហើយរថភ្លើងដឹកទំនិញកំពុងត្រូវបានបង្វែរតាមផ្លូវផ្សេង។ រថភ្លើងដឹកអ្នកដំណើរនៅតែដំណើរការធម្មតា។ ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកស្លាប់ម្នាក់ក្នុងហេតុការណ៍នេះ គឺជាបុគ្គលិកផ្លូវដែក ដែលស្លាប់នៅក្នុងផ្ទះរបស់គាត់។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ក្នុងអំឡុងពេលវាយប្រហារពេញមួយយប់ រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិកចំនួន ៥គ្រាប់ និងដ្រូនវាយប្រហារចំនួន ១៧០គ្រឿង សំដៅលើអ៊ុយក្រែន។ កងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនបាន ៧៤គ្រឿង ខណៈ ៦៨គ្រឿងផ្សេងទៀត ទំនងជាមិនបានទៅដល់គោលដៅ ដោយសារវិធានការសង្គ្រាមអេឡិចត្រូនិក។ គេមិនទាន់ដឹងច្បាស់ពីជោគវាសនារបស់មីស៊ីល និងដ្រូន ២៨គ្រឿងដែលនៅសល់នោះទេ។

ក្រៅពី Odesa អភិបាលក្រុង Kharkiv លោក Ihor Terekhov បានរាយការណ៍ថា ដ្រូនក៏បានវាយប្រហារស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅកណ្តាលទីក្រុងធំទីពីររបស់អ៊ុយក្រែននេះ ដោយបង្កជាអគ្គិភ័យផងដែរ៕