(សិង្ហបុរី)៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី លោក Lawrence Wong បាននិយាយថា ប្រជាជនសិង្ហបុរីចាំបាច់ត្រូវបោះឆ្នោតឱ្យបេក្ខជនទាំងឡាយណា ដែលបានខិតខំកសាងទំនុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងចិន ពោលគឺរូបលោកទទូចអ្នកបោះឆ្នោត ឱ្យផ្តល់ការគាំទ្រចំពោះគណៈរដ្ឋមន្រ្តីលោក ក្នុងការបោះឆ្នោត នាថ្ងៃទី៣ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងទៅកាន់សហជីពដែលមានសមាជិក១.៤លាននាក់ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត លោក Wong បានព្រមានអំពីភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច រួមនិងការបាត់បង់ការងារ ប្រសិនបើការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ធ្វើឱ្យថយចុះកំណើនសេដ្ឋកិច្ចពិភពលោក។ រដ្ឋាភិបាលរបស់លោក កន្លងមកបានព្រមានរួចហើយថា សេដ្ឋកិច្ចរបស់សិង្ហបុរីដែលពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្ម ប្រហែលត្រូវប្រឈមនឹងឱនភាព។
លោក Wong បានលើកឡើងដូច្នេះថា «យើងចាំបាច់ត្រូវរំពឹងថា នឹងមានសម្ពាធបន្ថែមទៀតមកលើយើង ហើយដើម្បីហែលឆ្លងសម្ពាធទាំងនោះ គឺនឹងទាមទារបទពិសោធនិងជំនាញ។ វានឹងតម្រូវឱ្យមានរដ្ឋាភិបាល ដែលបានកសាងទំនុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធ ជាមួយសមភាគីទាំងនៅសហរដ្ឋអាមេរិក និងនៅចិន»។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់ថា អ្នកបោះឆ្នោតចាំបាច់ត្រូវតែគាំទ្រគណៈរដ្ឋមន្រ្តីទាំងមូលរបស់លោក ឱ្យបន្តជាប់ឆ្នោត ដើម្បីអាចទប់ទល់ដោយប្រសិទ្ធភាព ជាមួយព្យុះភ្លៀងសេដ្ឋកិច្ចទាំងនេះ។
គួរបញ្ជាក់ថា គណបក្សកាន់អំណាច People's Action Party ដែលកាន់អំណាចចាប់តាំងតែពីឆ្នាំ១៩៥៩មក ត្រូវគេរំពឹងទូលំទូលាយថា នឹងបន្តជាប់ឆ្នោតយ៉ាងងាយស្រួល ប៉ុន្តែទន្ទឹមគ្នា ក៏មានភាពមិនពេញចិត្តរីកធំឡើងផងដែរ ជុំវិញការដឹកនាំរបស់បក្សនេះ ចំពោះមុខកំណើននៃថ្លៃចំណាយលើជីវភាពរស់នៅ។ ការបោះឆ្នោតនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គឺជាការបោះឆ្នោតសកលលើកដំបូងបង្អស់ សម្រាប់លោក Wong ដែលបានឡើងបន្តវេន ពីនាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរឆ្នាំរបស់សិង្ហបុរី គឺលោក Lee Hsieng Loong កាលពីឆ្នាំ២០២៤ ក្នុងនាមជាមេដឹកនាំគណបក្ស People's Action Party៕