(អង់ការ៉ា)៖ កងកម្លាំងបូលិសតូកគីបានធ្វើការឃាត់ខ្លួនសហមេដឹកនាំចំនួនពីររូប ជាមួយនិងសមាជិកសភា ចំនួន០៩រូបផ្សេងទៀតរបស់គណបក្សប្រជាធិបតេយ្យប្រជាជន HDP ដែលមានទំនោរគ្រាំទ្រជនជាតិ ឃើដ ដោយសារតែពួកគេបានបង្ហាញភាពស្ទាក់ស្ទើរ ក្នុងការផ្តល់ជាសក្ខីភាពសម្រាប់បទឧក្រិដ្ឋ ដែលទាក់ទងនឹងការរីកសាយភាយ នៃអំពើភេរវកម្មនៅក្នុងប្រទេសតួកគី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
មេធាវីរបស់គណបក្សខាងលើបានប្រាប់អ្នកសារព័ត៌មាន Reuters ថា ប៉ូលិសតួកគីបានធ្វើការឆ្មក់ចូល ទៅក្នុងផ្ទះរបស់លោក Selehattin Demirtas និងបានធ្វើការឃាត់ខ្លួនប្រធានគណបក្ស HDP រូបនេះនៅនឹងកន្លែងតែម្តង ចំណែកឯលោក Figen Yukeskdag ដែលជាសហមេដឹកនាំមួយរូបដែរនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅក្នុងផ្ទះដូចគ្នា នៅឯទីក្រុង Diyarbakir ជាទីក្រុងធំជាងគេបង្អស់ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស និងសំបូរទៅដោយជនជាតិឃើដរស់នៅ។
ជុំវិញការឃាត់ខ្លួននេះដែរ ក្រសួងមហាផ្ទៃនៃប្រទេសតួកគីបានឲ្យដឹងថា ដីកាឃាត់ខ្លួនសមាជិកសភា ចំនួន១៣រូបត្រូវបានដាក់ចេញ ប៉ុន្តែមានតែ១១រូបប៉ុណ្ណោះដែលត្រូវបានឃាត់ខ្លួន ខណៈពីររូបផ្សេងទៀត កំពុងស្ថិតនៅក្រៅប្រទេស។
គួរបញ្ជាក់ដែរថា HDP គឺជាគណបក្សធំជាងគេទីបីនៅក្នុងសភាជាតិតួកគី ដែលមាន៥៥០អាសនៈ ហើយសមាជិកសភានៅក្នុងប្រទេសតួកគីជាទូទៅ មានអភ័យឯកសិទ្ធិរៀងៗខ្លួនសម្រាប់ការពារ ប៉ុន្តែអភ័យឯកសិទ្ធិរបស់គណបក្សគាំទ្រជនជាតិឃើដមួយនេះ ត្រូវបានដកចេញកាលពីដើម ឆ្នាំ២០១៦នេះ។ ម៉្យាងវិញទៀតរដ្ឋាភិបាលតួកគីបានចោទប្រកាន់គណបក្ស HDP ថាមានជាប់ពាក់ព័ន្ធ នឹងក្រុមសកម្មប្រយុទ្ធឃើដ PKK ដែលត្រូវបានចាត់ទុកថា ជាក្រុមភេរវករដោយសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, និងតួកគីខ្លួនឯងផ្ទាល់៕