(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួន ដែលខ្លួនចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្មប្រេង និងគីមីឥន្ធនៈអ៉ីរ៉ង់ដោយខុសច្បាប់ នៅមុនកិច្ចចរចារអាមេរិក-អ៉ីរ៉ង់ជុំទីបួន នាថ្ងៃសៅរ៍ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ ២០២៥។

ក្រសួងការបរទេសអាមេរិកប្រកាសថា ទណ្ឌកម្មត្រូវបានដាក់លើក្រុមហ៊ុនចំនួន ៨ ដែលមានមូលដ្ឋាននៅអេមីរ៉ាត់អារ៉ាប់រួម តួកគី និងអ៉ីរ៉ង់ ជុំវិញការជួញដូរប្រេង និងផលិតផលគីមីឥន្ធនៈរបស់អ៉ីរ៉ង់។ ក្នុងនោះនាវាពីរគ្រឿង ត្រូវបានកំណត់គោលដៅ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ចំណាត់ការធ្វើឡើងចំពោះអ្នកលក់ ៤នាក់ និងអ្នកទិញគីមីឥន្ធនៈអ៉ីរ៉ង់ម្នាក់ ដែលមានតម្លៃរាប់រយលានដុល្លារ។ ភ្លាមៗបេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ មិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ត្រូវជួបចរចាគ្នាជាថ្មីស្តីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដោយអ្នកចរចាប្រទេសទាំងពីរនឹងទៅដល់ទីក្រុងរ៉ូម នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕