(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានយល់ព្រមផ្ដល់សញ្ជាតិរុស្ស៊ីឱ្យតារាសម្ដែងភាពយន្ត ដ៏ល្បីម្នាក់របស់សហរដ្ឋអាមេរិកគឺលោក Steven Seagal ដែលនេះមិនមែនជាលើកទីមួយឡើយដែល លោក ពូទីន បានផ្ដល់សញ្ជាតិដល់ជនបរទេស ពោលគឺតារាសម្ដែងជនជាតិបារំាងមួយរូបគឺ លោក Gerard Depardieu និងអ្នកប្រដាល់អាមេរិក លោក Roy Jones Jr ក៏ធ្លាប់ទទួលបានសញ្ជាត្តិរុស្ស៊ី ពីលោក ពូទីន ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនំាពាក្យវិមានក្រឹមឡាំង លោក Dimitry Peskov បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា លោក Seagal បានរង់ចាំអស់រយៈពេលជាយូរមកហើយ ដើម្បីទទួលបានសញ្ជាតិរុស្ស៊ី។ លោក Peskov បន្តថា «លោក Seagal បានដឹងយ៉ាងច្បាស់ពីការបង្ហាញអារម្មណ៍កក់ក្ដៅចំពោះរុស្ស៊ី ហើយលោកមិនដែល មានអាថ៌កំបាំងអ្វីនោះទេ ដូច្នេះទើបគាត់សាកសមទទួលបានសញ្ជាតិរុស្ស៊ី»។
គួរបញ្ជាក់ថា លោក Steven Seagal មានអាយុ៦៤ឆ្នាំ បានទៅទស្សនកិច្ចនៅរុស្ស៊ីជាទៀងទាត់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនោះគឺលោកតែងតែអមដំណើរជាមួយលោក ពូទីន នៅក្នុងពិធីសំខាន់មួយចំនួន មិនតែប៉ុណ្ណោះលោកក៏បានគាំទ្រផងដែរគោលនយោបាយរបស់រុស្ស៊ី និងតែងតែរិះគន់សហរដ្ឋអាមេរិកចំពោះមុខរុស្ស៊ីទៀតផង៕