(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃពុធ ទី៣០ ខែមេសា ប៉ាគីស្ថានបាននិយាយថា យោងតាមព័ត៌មានស៉ើបការណ៍សម្ងាត់អាចទុកចិត្តបាន គឺឥណ្ឌាមានបំណងគ្រោងធ្វើសកម្មភាពយោធា ក្នុងពេលឆាប់ៗនេះ ស្របពេលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា នៅបន្តកើនឡើង ចាប់តាំងពីហេតុការណ៍វាយប្រហារដ៏ប្រល័យ របស់ក្រុមសកម្មប្រយុទ្ធលើ​អ្នកទេសចរណ៍ នៅនៅតំបន់ Kashmir។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា នៅក្រុង Pahalgam ក្នុងផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា បានផ្តាច់ជីវិតមនុស្ស២៦នាក់។ ជនសកម្មប្រយុទ្ធ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានឥណ្ឌាកំណត់អត្តសញ្ញាណជា ជនជាតិប៉ាគីស្ថាន។ ទីក្រុងអ៉ីស្លាម៉ាបាដ បានបដិសេធការជាប់ពាក់ព័ន្ធ និងបានអំពាវនាវឱ្យមានការស៉ើបអង្កេតអព្យាក្រឹតមួយ។

នៅថ្ងៃពុធនេះ ប៉ាគីស្ថានបាននិយាយថា ខ្លួនមានព័ត៌មានស៉ើបការណ៍សម្ងាត់ ដែលជឿជាក់បានថា ឥណ្ឌាមានបំណងនឹង​ធ្វើសកម្មភាពយោធាប្រឆាំងលើខ្លួន ក្នុងរយៈពេល២៤-៣៦ម៉ោង ខាងមុខនេះ ក្រោមលេសនៃការចោទប្រកាន់គ្មានមូលដ្ឋាន និងត្រូវបានប្រឌិតឡើង អំពីការជាប់ពាក់ព័ន្ធរបស់ប៉ាគីស្ថាន ក្នុងឧប្បត្តិហេតុនៅ Pahalgam។ ទីក្រុងអ៉ីស្លាម៉ាបាដ ក៏បាននិយាយដែរថា ខ្លួនថ្កោលទោសអំពើភេរវកម្មគ្រប់ទម្រង់ ហើយនឹងឆ្លើយតបដោយម៉ឺងម៉ាត់ ចំពោះសកម្មភាពយោធានានា​របស់ឥណ្ឌា។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់អំពី​ភាពចាំបាច់ដើម្បីបញ្ចៀសការប្រឈមមុខ ដែលអាចនាំទៅរកផលវិបាកអន្តរាយធ្ងន់ធ្ងរ ក្នុងកិច្ចសន្ទនាតាមទូរសព្ទដាច់ដោយឡែកពីគ្នា ជាមួយប៉ាគីស្ថាននិងឥណ្ឌា។ រីឯសហរដ្ឋអាមេរិក ក៏បានទទូចឱ្យប្រទេសទាំងពីរ កុំបន្តបង្កើនភាពតានតឹងឱ្យកាន់តែខ្លាំងផងដែរ។ ចាប់តាំងពីហេតុការណ៍ថ្ងៃទី២២ ខែមេសា ប៉ាគីស្ថាននិងឥណ្ឌា បានចេញចំណាត់ការផ្សេងៗប្រឆាំងគ្នា ហើយកងទ័ពនៅតាម​បណ្តោយព្រំដែនភាគីទាំងពីរ បានបន្តបាញ់កាំភ្លើងទៅមកដាក់គ្នា៕