(ញូវយ៉ក)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានជំរុញដល់ប្រទេសនានា ឱ្យចាត់វិធានការដែលមិនអាចប្រកែកបាន ដើម្បីឆ្ពោះទៅរកការអនុវត្តដំណោះស្រាយរដ្ឋពីរ រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន នៅមុនការរៀបចំសន្និសីទអន្តរជាតិមួយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។

លោក Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ក្នុងកិច្ចប្រជុំស្តីពីមជ្ឈិមបូព៌ាថា «ខ្ញុំលើកទឹកចិត្តឱ្យរដ្ឋសមាជិក ធ្វើការឱ្យលើសពីពាក្យសម្តី ហើយគិតគូប្រកបដោយភាពច្នៃប្រឌិត ទៅលើជំហានជាក់ស្តែង ដើម្បីគាំទ្រដំណោះស្រាយរដ្ឋពីរ មុនពេលវាយឺតពេល»

បារាំង និងអារ៉ាប៊ីសាអូឌីត ត្រៀមធ្វើជាសហម្ចាស់ផ្ទះនៃសន្និសីទ UN ក្នុងខែមិថុនា ហើយរដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា គោលដៅសំខាន់គឺធ្វើឱ្យមានវឌ្ឍនភាព លើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៉ីស្រាអែល ក្នុងពេលតែមួយ។

ផែនទីបង្ហាញផ្លូវមួយ នឹងត្រូវបានដាក់ចេញសម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ ប្រកបដោយប្រសិទ្ធភាព ដោយទាមទារឱ្យដកហូតអាវុធរបស់ក្រុមសកម្មប្រយុទ្ធ កំណត់រចនាសម្ព័ន្ធរដ្ឋាភិបាលមួយ ដែលអាចជឿទុកចិត្តបាននៅក្នុងតំបន់ហ្កាហ្សា និងធ្វើកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន៕