Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​វៀតណាម ប្រារព្ធខួប ៥០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមវៀតណាម​ (Video inside)

30-04-2025 09:42

(ហូជីមិញ)៖ វៀតណាម នៅថ្ងៃពុធ ទី៣០ ខែមេសា បានប្រារព្ធពិធីអបអរសាទរ និងរំលឹកខួបការបិទបញ្ចប់សង្រ្គាមវៀតណាម អមជាមួយការធ្វើព្យុហយាត្រាយោធា ៥០ឆ្នាំក្រោយការដួលរលំ នៃរបបដឹកនាំទីក្រុង Saigon ដែលជាព្រឹត្តិការណ៍មួយបញ្ជាក់ពីការបិទបញ្ចប់ទាំងស្រុងនូវជម្លោះស៊ីពេលរាប់ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រារព្ធពិធីរំលឹកខួបដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺដើម្បីរំលឹកដល់ការបង្រួបបង្រួមវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលរបបកុម្មុយនិស្ដវៀតណាមខាងជើង បានវាយដណ្ដើមយកទីក្រុង Saigon ជារដ្ឋធានីរបស់វៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក។ Saigon ត្រូវបានប្ដូរឈ្មោះមកជាទីក្រុង Ho Chi Minh City វិញ ដើម្បីឧទ្ទិសដល់បិតា ស្ថាបនិកវៀតណាមខាងជើង គឺលោក Ho Chi Minh។

ថ្លែងនាឱកាសចូលរួមពិធីរំលឹកខួបនេះដែរ អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បាននិយាយថា «វាជាជ័យជម្នះនៃភាពយុត្តិធម៌លើរបបផ្ដាច់ការ។ វៀតណាមមាន តែមួយ ប្រជាជនវៀតណាមគឺមានតែមួយ។ ទន្លេអាចរីងស្ងួត ភ្នំអាចរលំ ប៉ុន្តែការពិតមិនអាចផ្លាស់ប្ដូរបានឡើយ»

គួរបញ្ជាក់ថា ជ័យជម្នះរបស់វៀតណាមខាងជើង បានកើតឡើង២ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពចេញពីវៀតណាមខាងត្បូង ដែលនេះជាការបិទបញ្ចប់សង្រ្គាមវៀតណាមដែលស៊ីពេល អស់ជាង២០ឆ្នាំ និងបានសម្លាប់ជនជាតិវៀតណាមប្រហែលជា ៣លាននាក់ និងជនជាតិអាមេរិកជិត ៦០ ០០០នាក់៕