(ហែលស៉ិនគី)៖ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ការស្ទង់មតិមួយបានបង្ហាញថា ទំនុកចិត្តរបស់ប្រជាជនហ្វាំងឡង់ ចំពោះការធានាសន្តិសុខពីសំណាក់អង្គការ NATO ដែលប្រទេសរបស់ពួកគេ បានចូលរួមជាសមាជិកកាលពី២ឆ្នាំមុននោះ គឺបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការស្ទង់មតិមួយធ្វើឡើងកាលពីខែមីនា ដោយសមាគមវេទិកាធុរកិច្ចនិងគោលនយោបាយហ្វាំងឡង់ ហៅកាត់ EVA បានបង្ហាញថា អ្នកចូលរួមស្ទង់មតិត្រឹម៣២ភាគរយប៉ុណ្ណោះ ដែលមានភាពជឿជាក់ថា ការធានាសន្តិសុខរបស់អង្គការ NATO មានប្រសិទ្ធភាពខ្លាំងរឹងមាំ ដែលអាចធានាបានថា នឹងគ្មានប្រទេសផ្សេងណាមួយ ហ៊ានប្រើកម្លាំងយោធាបំពានមកលើរដ្ឋជាសមាជិក ឡើយ។
EVA បាននិយាយថា ភាពជឿជាក់ចំពោះការធានាសន្តិសុខរបស់ NATO ឥឡូវលែងដូចមុនហើយ ហើយនៅពីក្រោយ ការប្រែប្រួលនេះ គឺការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក កាលពីខែមករា ខណៈប្រជាជនហ្វាំងឡង់ ហាក់មិនបានមើលរំលងនោះទេ ចំពោះសម្តីរបស់របស់លោក ត្រាំ ដែលថាប្រទេសជាសមាជិក NATO ទាំងឡាយណា ដែលមិនបង្កើនការចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ ប្រហែលជាមិនចាំបាច់ត្រូវទទួលបានការការពារ។
ទោះជាបែបនេះក្តី ប្រជាជនហ្វាំងឡង់ភាគច្រើន គឺ៦៦ភាគរយ នៅតែបន្តយល់ថា សមាជិកភាពនៅក្នុង NATO គឺជារឿងវិជ្ជមានមួយ ប៉ុន្តែអត្រានេះធ្លាក់ចុះ៥ភាគរយ ធៀបនឹងការស្ទង់មតិកន្លងមក ដែលចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំមុន ហើយជាកម្រិតដ៏ទាបបំផុត ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ នៅពេលប្រទេសហ្វាំងឡង់ ដាក់ពាក្យសុំចូលជាសមាជិក NATO ក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។
គួរបញ្ជាក់ថា ហ្វាំងឡង់ដែលមានព្រំប្រទល់ប្រវែង១៣៤០គីឡូម៉ែត្រជាប់ជាមួយរុស្ស៉ី បានក្លាយជាសមាជិកនៃបក្សសម្ព័ន្ធយោធាដឹកនាំដោយអាមេរិកមួយនេះ កាលពីខែមេសា ឆ្នាំ២០២៣ ដែលជាការបញ្ចប់នូវគោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធារាប់ទសវត្សរ៍របស់ខ្លួន។ ការស្ទង់មតិថ្មីចុងក្រោយ ក៏បានបង្ហាញដែរថា ៥៥ភាគរយ មិនជឿថា សមាជិកភាពអាចធានាថា ប្រទេសដទៃទៀត នឹងចូលជួយហ្វាំងឡង់ ក្នុងពេលមានវិបត្តិជាក់ស្តែង នោះទេ៕