(ហ៊្សេរុយសាឡិម)៖ ប្រធានទីភ្នាក់ងារចារកម្មក្នុងស្រុករបស់អ៉ីស្រាអែល Shin Bet គឺលោក Ronen Bar បានប្រកាសចុះចេញពីតំណែង នៅថ្ងៃទី១៥ ខែមិថុនា ៦សប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ព្យាយាមបណ្តេញរូបលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ ២០២៥។

លោក Netanyahu បាននិយាយកាលពីថ្ងៃទី១៦ ខែមីនាថា លោកបានបាត់បង់ទំនុកចិត្តជាយូរមកហើយ ចំពោះលោក Ronen Bar គ្រាដែលទំនុកចិត្តលើប្រមុខនៃសេវាកម្មសន្តិសុខក្នុងស្រុក គឺមានសារៈសំខាន់ណាស់នៅពេលដែលអ៉ីស្រាអែលកំពុងសង្រ្គាម។

លោក Bar គូសបញ្ជាក់ថា «ក្រោយបម្រើការអស់ ៣៥ឆ្នាំនៅក្នុង Shin Bet ដើម្បីអនុញ្ញាតឱ្យមានដំណើរការប្រកបដោយសណ្តាប់ធ្នាប់ ក្នុងការតែងតាំងអ្នកស្នងតំណែងអចិន្ត្រៃយ៍ និងការប្រគល់មុខងារវិជ្ជាជីវៈ ខ្ញុំនឹងបញ្ចប់តួនាទីរបស់ខ្ញុំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥»

គួរបញ្ជាក់ថា ទីភ្នាក់ងារចារកម្ម Shin Bet ទទួលបន្ទុកការស៉ើបអង្កេតប្រឆាំងអំពើភេរវកម្ម ហើយលោក Bar គឺជាអ្នកចរចាដ៏សំខាន់មួយរូប ក្នុងកិច្ចពិភាក្សាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា៕