(វ៉ាស៊ីន)៖ សកម្មជនអាមេរិកមួយរូបឈ្មោះ Cindy Sheehan បានអះអាងថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬហៅកាត់ថា FBI កំពុងព្យាយាមបិទបាំងការ បរិហារនូវអ៊ីម៉ែលសម្ងាត់ ដែលមានចំនួនដល់ទៅ ៦៥០,០០០សារ របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ពីភ្នែកនិងត្រចៀករបស់ប្រជាពលរដ្ឋអាមេរិក ដើម្បីបង្កាខ្លាចក្រែងបេក្ខភាពប្រធានាធិបតីរូបនេះ ចាញ់ក្នុងការឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកស្រី Cinday Sheehan បាននិយាយថា ទីភ្នាក់ងារ FBI មានភាពស្ទាក់ស្ទើរក្នុងការចែករំលែកជាមួយ នឹងសាធារណៈជននូវលទ្ធផលដែលបានរកឃើញ ពីរឿងអាស្រូវអ៊ីម៉ែលថ្មីបំផុតនេះរបស់លោកស្រី គ្លីនតុន ពីព្រោះតែវាមានជាប់ពាក់ព័ន្ធនឹងកិច្ចសម្ងាត់ផ្ទៃក្នុងដ៏សំខាន់ៗបំផុតរបស់រដ្ឋាភិបាលអាមេរិក។ លើសពីនេះទៀត សកម្មជនស្រឡាញ់សន្តិភាពរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើមហាជនបានជ្រាបពីការលាតត្រដាងនៃរឿងអាស្រូវអ៊ីម៉ែលថ្មីនេះ ប្រហែលជា ពលរដ្ឋអាមេរិកទាំងអស់នឹងទាមទារឲ្យមានការផ្លាស់ប្តូរនិងការទទួលខុសត្រូវណាមួយ ហើយដូច្នោះមែននោះ លោកស្រី ហ៊ីលឡារី គ្លីនតុន ទំនងជានឹងទទួល បរាជ័យនៅក្នុងថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះជាក់ជាមិនខាន»។
ជាចុងក្រោយលោកស្រី Sheehan ជាម្តាយមួយរូបដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់ នៅក្នុងសង្រ្គាមប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៤ បានបញ្ជាក់ថា «សហរដ្ឋអាមេរិក គឺជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែរឿងអាស្រូវនេះបានស្តែងឲ្យឃើញពីធាតុពិត នៃប្រទេសមួយនេះថា វាគ្រាន់តែជាប្រទេស អាណាធិបតេយ្យ (រដ្ឋាភិបាល និងអំណាចស្ថិតក្រោមកណ្តាប់ដៃរបស់ក្រុមជនមួយចំនួនតូច) ដែលពោរពេញទៅដោយភាព អាត្មានិយមគិតតែពី ការពារអំណាចខ្លួនឯងតែប៉ុណ្ណោះ»៕