លោក ពូទីន ប្រកាសបទឈប់បាញ់ ៣ថ្ងៃ នៅខែឧសភា ដើម្បីរំលឹកខួបជ័យជម្នះសង្គ្រាមលោកលើកទី២ (Video inside)
28-04-2025 19:34
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃចន្ទនេះ អំពីបទឈប់បាញ់រយៈពេលបីថ្ងៃ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដែលនឹងត្រូវធ្វើឡើងនៅខែក្រោយ ដើម្បីប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។
វិមានក្រឹមឡាំងបានបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៧២ម៉ោងនេះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែឧសភា រហូតដល់ដំណាច់ថ្ងៃទី១០ ខែឧសភា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «សកម្មភាពយោធាទាំងអស់ត្រូវបានផ្អាកសម្រាប់រយៈពេលនេះ។ រុស្ស៊ីជឿថាភាគីអ៊ុយក្រែនគួរតែធ្វើតាមគំរូនេះ... ក្នុងករណីមានការរំលោភបំពានដោយភាគីអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងផ្តល់ការឆ្លើយតបគ្រប់គ្រាន់ និងមានប្រសិទ្ធភាព»។
នេះគឺជាការប្រកាសបទឈប់បាញ់ឯកតោភាគីលើកទីពីរជាប់ៗគ្នាដោយលោក ពូទីន បន្ទាប់ពីបទឈប់បាញ់រយៈពេលខ្លីសម្រាប់បុណ្យ Easter កាលពីសប្តាហ៍មុន បានបរាជ័យដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភ។ ចំណាត់ការនេះ ត្រូវបានគេមើលឃើញថាអាចជាការប៉ុនប៉ងរបស់វិមានក្រឹមឡាំង ដើម្បីផ្ញើសញ្ញាទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា រុស្ស៊ីនៅតែចាប់អារម្មណ៍លើសន្តិភាព ខណៈដែលសហរដ្ឋអាមេរិកបង្ហាញការអស់សង្ឃឹម និងគំរាមដកខ្លួនពីកិច្ចប្រឹងប្រែងសន្តិភាព។
គួរបញ្ជាក់ថា គេនៅតែរង់ចាំមើលថាតើបទឈប់បាញ់ដែលប្រកាសជាឯកតោភាគីនេះ នឹងត្រូវបានគោរពនៅលើសមរភូមិដែរឬយ៉ាងណា ខណៈដែលបទឈប់បាញ់លើកមុនបានទទួលបរាជ័យ៕