អ៉ីស្រាអែល នឹងត្រូវប្រឈមចំពោះការចោទប្រកាន់ពីបទបំពានច្បាប់អន្តរជាតិ ដោយសារតែការរារាំងជំនួយមនុស្សធម៌ ចូលក្នុងតំបន់ហ្កាហ្សា (Video inside)
28-04-2025 16:05
(អាំស្ទែដាំ)៖ អ៉ីស្រាអែល នឹងត្រូវប្រឈមមុខចំពោះការចោទប្រកាន់ ពីបទបំពានច្បាប់អន្តរជាតិ ដោយសារតែការបដិសេធអនុញ្ញាត ឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា គ្រាដែលប្រទេសជាច្រើនគ្រោងបង្ហាញទឡ្ហីករណ៍ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំឡុងសវនាការរយៈពេលមួយសប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាំងពីថ្ងៃទី២ ខែមីនាមក អ៉ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង សម្រាប់ប្រជាជន ២.៣លាននាក់ ហើយស្បៀងអាហារដែលស្តុកទុក អំឡុងពេលមានបទឈប់បាញ់កាលពីខែមករា បានប្រើប្រាស់អស់ហើយ។ អ៉ីស្រាអែលថា នឹងមិនអនុញ្ញាតឱ្យមានការនាំយកជំនួយ ចូលក្នុងតំបន់ហ្កាហ្សាឡើយ រហូតទាល់តែក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងអស់។
អ្នកតំណាងដែនដីប៉ាឡេស្ទីន នឹងស្ថិតក្នុងចំណោមអ្នកតំណាងផ្សេងទៀត ដែលត្រូវថ្លែងទៅកាន់ ICJ នាថ្ងៃចន្ទនេះ។ សហរដ្ឋអាមេរិក នឹងបញ្ចេញមតិរបស់ខ្លួននៅថ្ងៃពុធ។ រីឯអ៉ីស្រាអែល មិនស្ថិតក្នុងចំណោមប្រទេសប្រហែល ៤០ដែលនឹងថ្លែងអំឡុងពេលសវនាការ រយៈពេល ៥ ថ្ងៃដែលកំណត់រហូតដល់ថ្ងៃសុក្រឡើយ។
មតិយោបល់របស់ ICJ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក មានទម្ងន់ផ្លូវច្បាប់ និងនយោបាយ ទោះបីជា មិនមានកាតព្វកិច្ច ហើយតុលាការមិនមានអំណាចអនុវត្តក៏ដោយ។ បន្ទាប់ពីស្តាប់មតិយោបល់ ICJ ទំនងជានឹងចំណាយពេលច្រើន ខែដើម្បីសម្រេច។
គួរបញ្ជាក់ថា ច្បាប់មនុស្សធម៌អន្តរជាតិ ទាមទារឱ្យរាល់ការគ្រប់គ្រងណាមួយ សម្របសម្រួលដល់កម្មវិធីជំនួយ ដល់ប្រជាជនដែលត្រូវការ និងធានាបាននូវស្បៀងអាហារ ការថែទាំផ្នែកវេជ្ជសាស្រ្ត អនាម័យ និងស្តង់ដារសុខភាពសាធារណៈ៕