(សេអ៊ូល)៖ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា គណបក្សប្រឆាំងចម្បងរបស់ប្រទេសកូរ៉េខាងត្បូង Democratic Party បានសម្រេចជ្រើសរើស លោក Lee Jae Myung ដែលជាអតីតប្រធានបក្សនេះផ្ទាល់ ដើម្បីជាបេក្ខជនតំណាងរបស់ខ្លួន សម្រាប់ការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី៣ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងការស្ទង់មតិជាបន្តបន្ទាប់ច្រើនសប្តាហ៍កន្លងមកនេះ លោក Lee បានបន្តនាំមុខគេក្នុងគម្លាតពិន្ទុ២ខ្ទង់ ធៀបនឹងបណ្តាបេក្ខជន មកពីគណបក្សកាន់អំណាច People Power Party ដែលនឹងតែងតាំងបេក្ខជនតំណាងរបស់ខ្លួន នៅថ្ងៃទី៣ ខែឧសភា។ ក្នុងសុន្ទរកថាទទួលយក​ការតែងតាំងជាបេក្ខជនតំណាងរបស់គណបក្ស Democratic Party លោក Lee បាននិយាយថា ចាប់ពីពេលនេះទៅ Lee Jae Myung មិនមែនត្រឹមជាបេក្ខជនរបស់ Democratic Party ទេ ប៉ុន្តែក៏ជាបេក្ខជនសម្រាប់ប្រជាជនកូរ៉េខាងត្បូងគ្រប់រូប ដែលប្រាថ្នាចង់ឱ្យប្រទេសរួចផុតពីវិបត្តិ ហើយស្វែងរកការរួបរួមជាតិ និងសុភមង្គល ផងដែរ។

លោក Lee បានប្តេជ្ញាថា នឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពការពារជាតិរបស់កូរ៉េខាងត្បូង ហើយប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រទេស ក្លាយជាអ្នកនាំមុខក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ជាក្បាលម៉ាស៉ីនផ្នែកវប្បធម៌ និងជាប្រទេសប្រជាធិបតេយ្យគំរូមួយ។ អ្នកនយោបាយវ័យ៦១ឆ្នាំរូបនេះ បានដឹកនាំគណបក្ស Democratic Party ឱ្យទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ លោក Lee បានចាញ់ក្នុងគម្លាតសំឡេងគាំទ្រត្រឹមតែបន្តិចប៉ុណ្ណោះ។ ការបោះឆ្នោតនាពេលនោះ ត្រូវបានទទួលជ័យជម្នះដោយលោក Yoon Suk Yeol មកពីគណបក្ស People Power Party។ លោក Yoon ត្រូវបានតុលាការធម្មនុញ្ញដកតំណែងជាផ្លូវការ ក្នុងខែមេសានេះ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស កាលពីចុងឆ្នាំមុន។ កាលពីឆ្នាំ២០២៤ លោក Lee បានរួចរស់ជីវិតពីការវាយប្រហារដោយកាំបិត នៅទីក្រុង Busan អំឡុងពេលដែលលោក ឈរសំណេះសំណាលជាមួយក្រុមអ្នកកាសែត និងក្រុមអ្នកគាំទ្រ៕