(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញបញ្ជាឱ្យបើកការស៉ើបអង្កេតរកមូលហេតុនៃករណីផ្ទុះឆេះ នៅឯកំពង់ផែដ៏សំខាន់ភាគខាងត្បូងប្រទេស ខណៈដែលចំនួនមនុស្សស្លាប់កើនឡើងដល់ ៤០នាក់ របួសច្រើនជាង ១ ២៤២នាក់។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥។

ថ្លែងតាមទូរទស្សន៍រដ្ឋ លោក Khamenei និយាយថា «មន្ត្រីសន្តិសុខ និងតុលាការ មានកាតព្វកិច្ចស៉ើបអង្កេតឱ្យបានហ្មត់ចត់ រកឱ្យឃើញថាជាការធ្វេសប្រហែស ឬចេតនាណាមួយ និងតាមដានដោយអនុលោមតាមច្បាប់»

អាជ្ញាធរបានប្រកាសកាន់ទុក្ខទូទាំងប្រទេសនាថ្ងៃចន្ទនេះ និងកាន់ទុករយៈពេល ៣ថ្ងៃនៅក្នុងខេត្ត Hormozgan ចាប់តាំងពីថ្ងៃអាទិត្យមក។ គ្រាដែរផ្សែងពុល និងខ្យល់កខ្វក់បានរាលដាលពាសពេញតំបន់ សាលារៀន និងការិយាល័យនានាក្នុងទីក្រុង Bandar Abbas ត្រូវបានបញ្ជាឱ្យបិទទ្វារជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ក្រសួង​សុខាភិបាល​អ៉ីរ៉ង់ បានណែនាំដល់អ្នក​ស្រុក ឱ្យ​​ចៀសវាង​ការធ្វើដំណើរចេញ​ទៅ​ខាងក្រៅ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម ហើយត្រូវពាក់ម៉ាសការពារ៕