(ស្ដុកខុល)៖ ការចំណាយលើវិស័យយោធានៅជុំវិញពិភពលោកហក់ឡើងដល់ ២.៧២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង ៩.៤ភាគរយ បើធៀបទៅនឹងកាលពីឆ្នាំ២០២៣ ដែលនេះជាការកើនឡើង ខ្ពស់បំផុតមួយគិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។ នេះបើតាមរបាយការណ៍មួយដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
របាយការណ៍ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (Stockholm International Peace Research Institute) ឬហៅកាត់ថា SIPRI បានឱ្យដឹងថាភាពតានតឹងខាងភូមិសាស្ត្រនយោបាយ គឺជាមូលហេតុចម្បងនៅពីក្រោយការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធានៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ជាទីដែលប្រទេសនានានាំគ្នាបង្កើនការចំណាយលើវិស័យយោធា។ SIPRI បានបញ្ជាក់ទៀតថា «ប្រទេសច្រើនជាង១០០ នៅជុំវិញពិភពលោក បានបង្កើនការចំណាយលើវិស័យយោធារបស់ពួកគេក្នុងឆ្នាំ២០២៤ ហើយខណៈបណ្ដារដ្ឋាភិបាលជាច្រើននាំគ្នាបង្កើនការចំណាយលើយោធា វាអាចនឹងបង្កផលប៉ះពាល់ដល់វិស័យផ្សេងទៀតជាពិសេសសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលច្រើនឆ្នាំទៅមុខ»។
តាមវិទ្យាស្ថានខាងលើដដែល សង្រ្គាមនៅអ៊ុយក្រែន និងការសង្ស័យលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ NATO បានជំរុញឱ្យការចំណាយលើវិស័យយោធាក្នុងតំបន់អឺរ៉ុប ក្នុងនោះរួមមានទាំងរុស្ស៉ី កើនឡើង ១៧ភាគរយ ជាតួលេខកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់មក។ ចំណែក ការចំណាយយោធារបស់សហរដ្ឋអាមេរិកបានកើនឡើង ៥.៧ភាគរយ ឬស្មើនឹង ៩៩៧ពាន់លានដុល្លារ ដែល ស្មើនឹង៦០ភាគរយនៃការចំណាយយោធាសរុបរបស់ NATO និង៣៧ភាគរយនៃការចំណាយយោធានៅជុំវិញពិភពលោកក្នុងឆ្នាំ២០២៤។ រុស្ស៉ីវិញបានចំណាយលើយោធា ១៤៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង៣៨ភាគរយ ធៀបទៅនឹងកាលពីឆ្នាំ២០២៣ និងកើនឡើងទ្វេដងធៀបទៅនឹងកាលពីឆ្នាំ២០១៥៕