(ហាណូយ)៖ អាជ្ញាធរវៀតណាមបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ខ្លំាងដែលបង្កទៅជា គ្រោះទឹកជំនន់ដ៏អាក្រក់នៅភាគកណ្ដាលប្រទេសវៀតណាម បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៤នាក់ស្លាប់បាត់បង់ជីវិត និង១២នាក់រងរបួស ខណៈម្នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជុំវិញគ្រោះទឹកជំនន់នេះដែរនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានគូសបញ្ជាក់ថា មនុស្ស០២នាក់បានស្លាប់ និងម្នាក់នៅតែបន្តបាត់ខ្លួននៅក្នុងខេត្ត Quang Binh ហើយ០២នាក់ទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅខេត្ត Quang Tri ខណៈផ្ទះប្រមាណជា៣៦៧ខ្នង ថ្នាក់រៀន៣០០ បន្ទប់ និងអាគារសុខាភិបាលចំនួន៦ខ្នង ត្រូវជន់លិចដោយសារទឹកជំនន់។
បន្ថែមពីខាងលើនេះទៀត ទីភ្នាក់ងារឧតុនិយមវៀតណាមបានព្យាករណ៍ដែរថា ចាប់ពីពេលនេះរហូតដល់ ថ្ងៃសៅរ៍ តំបន់ភាគកណ្ដាលនៃប្រទេសនឹងបន្តទទួលរងភ្លៀងធ្លាក់ខ្លំាង ដែលមានកំពស់ទឹក ១០០មីលីម៉ែត្រ ឬ២៥០មីលីម៉ែត្រនៅតាមតំបន់ខ្លះ។ អាជ្ញាធរបានប្រកាសឲ្យប្រជាជនបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ជាពិសេសត្រូវស្វះស្វែងរកទីទួលសុវត្ថិភាពដើម្បីជ្រកកោណ៕