(AFP)៖ ​មនុស្សជាច្រើននាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងការហេតុការណ៍រថយន្ដបើកបំបុកហ្វូងមនុស្ស នៅឯពិធីបុណ្យតាមដងផ្លូវមួយ ក្នុងទីក្រុង Vancouver នៃប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា (ម៉ោងក្នុងតំបន់)។ នេះបើតាមប៉ូលិសកាណាដា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ប៉ូលិសក្នុងទីក្រុង Vancouver បានបញ្ជាក់ថា «មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតរងរបួស»។ ហេតុការណ៍រថយន្ដបើកបំបុកហ្វូងមនុស្ស នេះដែរបានកើតឡើងនៅម៉ោងប្រហែល ៨យប់ កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) អំឡុងសហគមន៍ហ្វីលីពីន ក្នុងប្រទេសកាណាដា បានរៀបចំពិធីបុណ្យមួយមានឈ្មោះថា Lapu Lapu Day ដើម្បីរំលឹក ដល់អតីតមេដឹកនាំប្រឆាំងអាណាគមម្នាក់របស់ហ្វីលីពីន។

បើតាមប៉ូលិសកាណាដា អ្នកបើកបររថយន្ដត្រូវបានចាប់ខ្លួន។ តែមិនទាន់មានព័ត៌មានអ្វីលម្អិតនោះទេ៕