(គែរ)៖ មន្ត្រីហាម៉ាសម្នាក់ បាននិយាយ កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ថាក្រុមហាម៉ាសបើកចំហចំពោះកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ដែលគេនឹងបានឃើញចំណាប់ខ្មាំង ទាំងអស់ត្រូវបានដោះលែង ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ឆ្នាំ ខណៈក្រុមអ្នកចរចារបស់ហាម៉ាសជួបចរចាជាមួយក្រុមអ្នកសម្របសម្រួល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមប្រតិភូរបស់ហាម៉ាស បានទៅដល់ទៅដល់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួលអេហ្ស៉ីប ស្ដីពីបទឈប់បាញ់ ចំពេលនៅឯសមរភូមិឯណោះវិញ ក្រុមអ្នកជួយសង្រ្គោះបានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៣៥នាក់។ ព្រមពេលជាមួយគ្នា អង្គការសហប្រជាជាតិ ក៏បានព្រមានដែរថាជិត៨សប្ដាហ៍មកនេះនៃការបិទខ្ទប់របស់ អ៉ីស្រាអែល ស្បៀងអាហារ និងថ្នាំពេទ្យសម្រាប់ប្រជាជនហ្កាហ្សា គឺត្រូវបានប្រើប្រាស់ជិតអស់ហើយ។
មន្ត្រីហាម៉ាសម្នាក់ បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់ រយៈពេល ៥ឆ្នាំ។ ការលើកឡើងរបស់មន្ត្រីហាម៉ាសរូបនេះ កើតមានឡើងបន្ទាប់ពីហាម៉ាស បានច្រានចោលសំណើមួយរបស់អ៉ីស្រាអែលដែលក្នុងនោះរួមមានបទឈប់បាញ់រយៈពេល ៤៥ថ្ងៃ ជាថ្នូរទៅនឹង ការដោះលែងចំណាប់ខ្មាំងនៅមានជីវិត ១០នាក់។
ក្រុមហាម៉ាស កន្លងមក បានទទូចជារឿយៗថាបទឈប់បាញ់ណាមួយ ត្រូវតែនាំទៅរកការបិទបញ្ចប់សង្រ្គាម និងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា និងបង្កើនលំហូរចូលជំនួយមនុស្សធម៌៕