Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ និងអាមេរិក ចាប់ផ្តេីមកិច្ចចរចាជុំទីបី ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់, មន្រ្តីអ៉ីរ៉ង់ថាពិបាក និងស្មុគស្មាញ

26-04-2025 21:02

(ម៉ាស្កាត់)៖ អ្នកចរចាកំពូលរបស់អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមកិច្ចចរចាដោយប្រយោលជុំទីបី នាថ្ងៃសៅរ៍នេះ ដើម្បីជំរុញកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាន់យកគោលជំហររារាំងផ្លូវអ៉ីរ៉ង់ពីការផលិតគ្រាប់បែកនុយក្លេអ៊ែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ ២០២៥។

ដំបូងក្រុមការងារជំនាញបានជួបគ្នា បន្ទាប់មកការចរចាដោយប្រយោលរវាងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi និងបេសកជនអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Steve Witkoff បានធ្វេីឡេីងតាមរយៈអ្នកសម្រុះសម្រួលអូម៉ង់។

កិច្ចប្រជុំដោយប្រយោលកម្រិតអ្នកជំនាញ នៅទីក្រុង Muscat ដែលកំពុងបន្តពេញមួយថ្ងៃសៅរ៍នេះ គឺសំដៅបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលមួយ។ មន្ត្រីអ៉ីរ៉ង់ម្នាក់ បានប្រាប់ Reuters ថា ការចរចាមានលក្ខណៈពិបាក ស្មុគស្មាញ និងតឹងតែង។

កិច្ចចរចានេះបានធ្វេីឡេីងមួយសប្តាហ៍បន្ទាប់ពីជុំទីពីរនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលភាគីទាំងពីរបានពិពណ៌នាថាមានលក្ខណៈស្ថាបនា។ ខណៈដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន កំពុងស្វែងរកដំណោះស្រាយតាមផ្លូវការទូត ប៉ុន្តែគេមេីលេីញថាពួកគេនៅតែមានភាពខុសគ្នាឆ្ងាយលើបញ្ហា ដែលកើតឡើងអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ៕