Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៤៧នាក់រងរបួស ក្រោយការផ្ទុះមួយនៅឯកំពង់ផែទីក្រុង Bandar Abbas ប្រទេសអ៉ីរ៉ង់

26-04-2025 18:16

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការផ្ទុះដ៏ធំមួយបានអង្រួនកំពង់ផែ Shahid Rajaee នៃទីក្រុង Bandar Abbas ភាគខាងត្បូងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ និងបណ្តាលមនុស្សយ៉ាងហោចណាស់ ៤៧នាក់រងរបួស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ ២០២៥។

មន្ត្រីដោះស្រាយវិបត្តិក្នុងតំបន់ បានប្រាប់ទូរទស្សន៍រដ្ឋថា «ឧបទ្ទវហេតុនេះ កេីតឡេីងដោយសារតែការផ្ទុះកុងតឺន័រជាច្រើន ដែលរក្សាទុកក្នុងកំពង់ផែ Shahid Rajaee។ បច្ចុប្បន្នយើងកំពុងជម្លៀស និងបញ្ជូនអ្នករបួសទៅកាន់មណ្ឌលសុខភាព»។

តាមការប៉ាន់ស្មានដំបូង មនុស្សចំនួន ៤៧នាក់បានរងរបួស។ ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍បន្ថែមថា សកម្មភាពរបស់កំពង់ផែត្រូវបានផ្អាកដើម្បីពន្លត់ភ្លើងឆេះ ហើយប្រហែលជាមានមនុស្សច្រើនត្រូវរបួស ឬអាចបាត់បង់ជីវិត។

គួរបញ្ជាក់ថា ការផ្ទុះនេះកើតមានឡើងចំពេលដែលអ៉ីរ៉ង់ កំពុងរៀបចំកិច្ចចរចានុយក្លេអ៊ែរជុំទី ៣ ជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់ ខណៈមូលហេតុនៃការផ្ទុះមិនទាន់ដឹងនៅឡើយ៕