(សានទុង-ចិន)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានចូល ក្នុង «វេទិកាវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនលើកទី៤» នៅប្រទេស ចិនពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីរួមចែករំលែកបទពិសោធមានជាមួយមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ពិភពលោក ដែលមានអ្នកចូលរួមជាង ៤០០នាក់ មកពី៦០ប្រទេស និងស្ថាប័ននានាទូទាំងពិភពលោក រួមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅខេត្តសានទុង ប្រទេសចិន។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការផ្លាស់ប្តូរ ការសិក្សាពីគ្នាទៅវិញទៅមក ការពង្រឹងបច្ចេកវិទ្យា៖ ឥទ្ធិពលនៃអរិយធម៌ក្នុងបរិវត្តកម្ម និងការអភិវឌ្ឍន៍» “Exchange, Mutual Learning, Technology Empowerment: The Power of Civilization in Transformation and Development” វេទិកានេះត្រូវបានសហការរៀបចំដោយអគ្គស្ថានីយទូរទស្សន៍ និងវិទ្យុមជ្ឈិមចិន (China Media Group) និងរដ្ឋាភិបាលនៃប្រជាជន ខេត្តសានទុង។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយពិភពលោក និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងគមនាគមន៍ ដើម្បីស្វែងយល់ពីតួនាទីនៃកិច្ចសន្ទនា ភាពច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

ការចូលរួមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា តាមរយៈវិស័យព័ត៌មាន និងទំនាក់ទំនង ជាពិសេស គឺលើកការចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់ និងអន្តរជាតិ។

វេទិកាវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ និងបានក្លាយជាព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិឈានមុខគេ ដោយទាក់ទាញការចូលរួមកម្រិតខ្ពស់ និងជំរុញការសន្ទនាលើការអភិវឌ្ឍនប្រព័ន្ធផ្សព្វផ្សាយជាសកល ទំនើបកម្ម និងសន្តិភាព៕