(ញូវដែលី)៖ នៅថ្ងៃសៅរ៍នេះ កងទ័ពឥណ្ឌានិងប៉ាគីស្ថាន បានបន្តបាញ់កាំភ្លើងតបតទៅមករយៈពេល២ថ្ងៃជាប់គ្នា ស្របពេលដែល​ទំនាក់ទំនងរវាងប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរ បានធ្លាក់ដុនដាបខ្លាំង ក្រោយការវាយប្រហារលើអ្នកទេសចរ ដែលបានផ្តាច់ជីវិត​មនុស្ស២៦នាក់ នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ហើយការវាយប្រហារនោះ ត្រូវបានទម្លាក់កំហុស​លើក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៦ ខែមេសា។

យោធាឥណ្ឌាបានប្រាប់ថា ទាហានរបស់ខ្លួនបានបាញ់ឆ្លើយតបចំពោះ ការបាញ់កាំភ្លើងចេញមកពីប៉ុស្តិ៍យោធាមួយចំនួនរបស់ប៉ាគីស្ថាន ដែលបានចាប់ផ្តើមកាលពីអំឡុងយប់រំលងធ្រាត្រ ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ នៅតាមបណ្តោយព្រំប្រទល់ប្រវែង៧៤០គីឡូម៉ែត្រ ដែលខណ្ឌចែកផ្នែករបស់ឥណ្ឌានិងផ្នែករបស់ប៉ាគីស្ថាន នៅតំបន់ Kashmir។ យោធាឥណ្ឌាបានបន្ថែមថា ខាងកងទ័ពប៉ាគីស្ថាន ក៏បានបាញ់កាំភ្លើងមកលើខ្លួន កាលពីអំឡុងយប់រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រផងដែរ។ បើតាមយោធាឥណ្ឌា មិនមានរងរបួសឬបាត់បង់ជីវិតទេ អំឡុងការបាញ់ប្រហារដាក់គ្នាទាំងនេះ នៅខាងឥណ្ឌា។ ដោយឡែក ពុំទាន់មានការអត្ថាធិប្បាយពីខាងយោធាប៉ាគីស្ថាននៅឡើយ។

ឥណ្ឌាបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង៣នាក់ ក្នុងនោះ២នាក់ជនជាតិប៉ាគីស្ថាន ដែលបានធ្វើសកម្មភាពវាយប្រហារកាលពី​ថ្ងៃទី២២ ខែមេសា។ ប៉ាគីស្ថានបានចេញមុខបដិសេធ ការជាប់ពាក់ព័ន្ធណាមួយ ហើយរដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន បានអំពាវនាវ​ឱ្យមានការស៉ើបអង្កេតលក្ខណៈអន្តរជាតិ លើករណីវាយប្រហារនេះ។ ក្រោយការវាយប្រហារ ឥណ្ឌានិងប៉ាគីស្ថាន បានចេញវិធានការផ្សេងៗប្រឆាំងគ្នា រួមមានប៉ាគីស្ថានបិទដែនអាកាសសម្រាប់អាកាសចរណ៍ឥណ្ឌា រីឯឥណ្ឌាផ្អាកសន្ធិសញ្ញាចែករំលែកទឹកទន្លេ។ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យភាគីទាំងពីរ អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីធានាកុំឱ្យស្ថានការណ៍វិវត្តកាន់តែអាក្រក់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។

គួរបញ្ជាក់ថា ឥណ្ឌានិងប៉ាគីស្ថាន មានកិច្ចព្រមព្រៀងឈប់បាញ់អាយុកាលរាប់ទសវត្សរ៍ ជុំវិញតំបន់ ​Kashmir ដែលមានបញ្ហាវិវាទ ប៉ុន្តែកងទ័ពទាំងពីរ នៅតែបាញ់ប្រហារដាក់គ្នាម្តងម្កាល។ ប្រទេសជិតខាងទាំងពីរ បានទាមទារកាន់កាប់ទាំងស្រុងដូចគ្នាលើ​តំបន់ Kashmir ហើយធ្វើសង្រ្គាម២លើក ក្នុងចំណោមសង្រ្គាមទាំង៣លើក ដោយសារតែតំបន់នេះ៕