(មូស្គូ)៖ មន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់ម្នាក់ ត្រូវបានសម្លាប់ក្នុងការបំផ្ទុះរថយន្តមួយនៅក្នុងទីក្រុង Balashikha ក្បែរក្រុងមូស្គូ កាលពីថ្ងៃសុក្រ ទី២៥ ខែមេសា ដែលជាការវាយប្រហារមួយត្រូវបានក្រុមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីចោទប្រកាន់ទៅលើអ៊ុយក្រែន។ នេះបើយោងតាមក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បានគូសបញ្ជាក់ថា មន្ត្រីដែលបានស្លាប់នោះ គឺលោក Yaroslav Moskalik អាយុ ៥៩ឆ្នាំ ជាប្រធាននាយកដ្ឋានប្រតិបត្តិការចម្បងនៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ គណៈកម្មាធិការបានបញ្ជាក់ថា ការផ្ទុះនេះបណ្តាលមកពីឧបករណ៍បំផ្ទុះកែច្នៃ ហើយខ្លួនបានបើកសំណុំរឿងព្រហ្មទណ្ឌលើករណីនេះ។

តំណែងរបស់លោក Moskalik នេះ​ បានផ្តល់ឲ្យលោកនូវតួនាទីសំខាន់ក្នុងការរៀបចំផែនការប្រតិបត្តិការយោធារបស់រុស្ស៊ី រួមទាំងនៅអ៊ុយក្រែនផងដែរ។ ខណៈដែលសេចក្តីថ្លែងការណ៍ផ្លូវការមិនទាន់កំណត់អ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ក្រុមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីបានចោទប្រកាន់យ៉ាងឆាប់រហ័សទៅលើអ៊ុយក្រែន។ កាសែត Kommersant បានរាយការណ៍ថា អាចមានមនុស្សម្នាក់ទៀតស្លាប់ក្នុងហេតុការណ៍នេះដែរ។

គួរបញ្ជាក់ថា ការស្លាប់នេះ គឺជាករណីចុងក្រោយបង្អស់នៃការធ្វើឃាតលើឥស្សរជនយោធារុស្ស៊ីលំដាប់ខ្ពស់ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ដែលកន្លងមកទីក្រុងមូស្គូតែងតែស្តីបន្ទោសទៅលើទីក្រុងកៀវ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃតែមួយដែលបេសកជនអាមេរិក លោក Steve Witkoff បានជួបលោក ពូទីន នៅទីក្រុងមូស្គូ។ សេវាស៊ើបការណ៍សម្ងាត់ SBU របស់អ៊ុយក្រែន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕