(បាងកក)៖ រដ្ឋាភិបាលយោធានៃប្រទេសថៃ បានដាក់ចេញនូវវិធានដើម្បីជួយប្រជាកសិករដែលតាំងពី ដើមមកគឺជាក្រុមដែលមានអំណាចបំផុតនៅក្នុងនយោបាយរបស់ប្រទេសមួយនេះ ខណៈតម្លៃនៃ ផលដំណាំស្រូវនៅទូទាំងពិភពលោកកំពុងធ្លាក់ចុះខ្លាំង។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន Reuters ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៦។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសពីវិធានការមួយចំនួនដែលគិតជាទឹកប្រាក់ យ៉ាងហោចជិត៦០ពាន់លានបាត ឬស្មើនឹង១.៧០ពាន់លានដុល្លារ សំដៅដោះស្រាយតម្រូវការទីផ្សារ និងធ្វើឲ្យតម្លៃស្រូវមានស្ថិរភាពឡើងវិញ ហើយសេចក្តីប្រកាសនេះបានដាក់ចេញចំពេលដែលរដ្ឋាភិបាល យោធាថៃកំពុងព្យាយាមធានាឲ្យបាននូវ ការសម្របខ្លួនដោយរលូនមួយរបស់ប្រទេសនៅក្រោយការ ចូលទីវង្គតរបស់ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងធ្វើយ៉ាងណារក្សាស្ថិរភាពនៅ ក្នុងប្រទេសនៅមុនការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តនាឆ្នាំ២០១៧ ខាងមុខនេះ។
គួរបញ្ជាក់ដែរថាប្រជាកសិករអ្នកមានៗ នៅក្នុងប្រទេសថៃដែលជាប្រទេសនាំចេញស្រូវអង្ករចំណាត់ថ្នាក់ លេខពីរនៅលើពិភពលោកមួយនេះ គឺជាអ្នកដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងនយោបាយប្រទេសថៃ ហើយពួកគេភាគច្រើនបានជួយឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ឲ្យបានជាប់ឆ្នោតជានាយរដ្ឋមន្រ្តីថៃ កាលពីឆ្នាំ២០១១ ហេតុដូច្នេះហើយទើបរដ្ឋាភិបាលយោធាបច្ចុប្បន្ន ផ្តោតការយកចិត្តទុកដាក់សំខាន់ ទៅលើក្រុមកសិករប្រកបដោយឥទ្ធិពលបែបនេះ៕