(មូស្គូ)៖ លោក Steve Witkoff បេសកជនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ នៅថ្ងៃសុក្រ ទី២៥ ខែមេសា ក្នុងអ្វីដែលលោក ត្រាំ បានពណ៌នាថាជា «ពេលវេលាដ៏សំខាន់» នៃកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Witkoff បានក្លាយជាអ្នកសន្ទនាដ៏សំខាន់របស់រដ្ឋបាលលោក ត្រាំ ជាមួយលោក ពូទីន ខណៈលោក ត្រាំ ជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ដោយលោកបានជួបមេដឹកនាំវិមានក្រឹមឡាំងចំនួនបីលើករួចមកហើយ។ វីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំង បានបង្ហាញមេដឹកនាំទាំងពីរចាប់ដៃគ្នា និងផ្លាស់ប្តូរការគួរសម មុនពេលអង្គុយពិភាក្សាគ្នា។ លោក ពូទីន ត្រូវបានអមដំណើរដោយទីប្រឹក្សាគោលនយោបាយការបរទេស លោក Yuri Ushakov និងបេសកជនវិនិយោគ លោក Kirill Dmitriev។
ជំនួបនេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានចេញសាររិះគន់លោក ពូទីន ចំពោះការវាយប្រហារលើទីក្រុងកៀវ «វ្ល៉ាឌីមៀ ឈប់!» ប៉ុន្តែទន្ទឹមនឹងនោះ លោកក៏បានបង្ហាញសុទិដ្ឋិនិយមថា មានវឌ្ឍនភាពល្អក្នុងការចរចាសន្តិភាព។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «ប៉ុន្មានថ្ងៃខាងមុខនេះនឹងមានសារៈសំខាន់ខ្លាំងណាស់... ខ្ញុំគិតថាយើងអាចនឹងធ្វើកិច្ចព្រមព្រៀងមួយ... »។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រ សារព័ត៌មានរុស្ស៊ី Izvestia ក៏បានចេញផ្សាយរូបថតដែលបង្ហាញលោក Witkoff កំពុងដើរនៅកណ្តាលក្រុងមូស្គូជាមួយលោក Dmitriev ផងដែរ ដែលត្រូវបានគេដឹងថា បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលលោក ត្រាំ៕