(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជំហរថា «គ្រីមៀនឹងនៅជាមួយរុស្ស៊ី» ដែលត្រូវបានគេមើលឃើញថាជាការដាក់សម្ពាធចុងក្រោយបំផុតលើអ៊ុយក្រែន ឲ្យធ្វើសម្បទានដើម្បីបញ្ចប់សង្គ្រាម។ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី TIME និងត្រូវបានចុះផ្សាយបន្តដោយ សារព័ត៌មាន AP។
នៅក្នុងបទសម្ភាសន៍ដែលធ្វើឡើងកាលពីថ្ងៃអង្គារ លោក ត្រាំ បានបន្ថែមដោយសំដៅលើប្រធានាធិបតីអ៊ុយក្រែនថា «Zelenskyy យល់ពីរឿងនេះ ហើយគ្រប់គ្នាក៏យល់ថា តំបន់នេះនៅជាមួយរុស្ស៊ីយូរមកហើយ»។ លោក ត្រាំ បានចោទប្រកាន់លោក Zelenskyy ជាបន្តបន្ទាប់ថា បានអូសបន្លាយសង្គ្រាម ដោយសារតែការមិនព្រមចរចាជាមួយលោក ពូទីន។
លោក ត្រាំ បានព្យាយាមបកស្រាយជំហររបស់លោក ដោយលើកឡើងថា ឧបទ្វីបគ្រីមៀ ត្រូវបានរុស្ស៊ីដណ្ដើមយកតាំងពីឆ្នាំ ២០១៤ ក្នុងសម័យលោក បារ៉ាក់ អូបាម៉ា ហើយថារុស្ស៊ីមានវត្តមានកងទ័ពជើងទឹកនៅទីនោះជាយូរមកហើយ ព្រមទាំងប្រជាជនភាគច្រើននិយាយភាសារុស្ស៊ី។ លោកបានបន្ទោសថា «រឿងនេះត្រូវបានប្រគល់ឲ្យដោយលោក អូបាម៉ា ទទួលខុសត្រូវ មិនមែនដោយ ត្រាំ ទេ»។
គួរបញ្ជាក់ថា ជំហររបស់លោក ត្រាំ លើតំបន់គ្រីមៀ ដែលផ្ទុយពីគោលនយោបាយរបស់សម្ព័ន្ធមិត្តលោកខាងលិចជាច្រើន កំពុងបង្កឲ្យមានភាពចម្រូងចម្រាស និងបន្ថែមភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕